កម្ពុជាបើកអោយដំណើការមជ្ឈមណ្ឌលវាយតម្លៃចុងភៅគួរឱ្យជឿជាក់ ស្របតាមយន្តការជាតិ និងអាស៊ាន

វិទ្យុជាតិកម្ពុជាៈ ចេម ហួត15 08 2019


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានសម្ភោធដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ថាលាស (Thalias) ផ្នែកផលិតកម្មម្ហូបអាហារ» ដែលជាសញ្ញាបង្ហាញថា ចាប់ពីពេលនេះតទៅ កម្ពុជាមានមជ្ឈមណ្ឌលវាយតម្លៃចុងភៅដែលគួរឱ្យជឿជាក់បានមួយ ស្របតាមយន្តការជាតិ និងអាស៊ាន។
ពិធីសម្ពោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានតូប៉ាហ្ស រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក តំណាងអង្គការជាតិ-អន្តរជាតិ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ គ្រូបង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ អ្នកជំនាញម្ហូបអាហារប្រមាណ ២០០រូប។
ឯកឧត្តម ថោង ខុន បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការគាំទ្របង្កើតមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះ ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥ ដោយមានការចូលរួមគាំទ្រដោយក្រុមហ៊ុន ថា លាស គ្រុប (Thalias Group) អង្គការអាល្លឺម៉ង់ Assist ដែលអាចផ្តល់ឱកាសដល់អ្នកជំនាញផ្នែកផលិតម្ហូបអាហារ (ចុងភៅ) ជាពិសេសចុងភៅដែលមានបទពិសោធន៍ល្អៗ តែពុំទាន់មានវិញ្ញាបនបត្រទទួលស្គាល់ផ្លូវការ ឲ្យទទួលបានការវាយតម្លៃសមត្ថភាព និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតវិញ្ញាបនបត្រ ស្របតាមយន្តការជាតិ និងអាស៊ាន។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា មជ្ឍមណ្ឌលវាយតម្លៃនេះយកទីតាំងអនុវត្តនៅភោជនីយដ្ឋានតូប៉ាហ្ស ដែលជាភោជនីដ្ឋានលំដាប់ខ្ពស់ និងមានមេចុងភៅពូកែៗ អាចធ្វើជាអ្នកវាយតម្លៃ និងគ្រូបណ្ដុះបណ្ដាលបាន។ ឯកឧត្តមថា ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ តាមរយៈអភិក្រមនៃការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ គឺជាគោលដៅយុទ្ធសាស្រ្តអាទិភាពមួយរបស់ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជា នឹងបានឆ្លើយតបផងដែរទៅនឹងផែនការយុទ្ធសាស្ត្រអាស៊ានផងដែរ។
ឯកឧត្តមថោង ខុន បានលើកឡើងទៀតថា ការទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០១៧-២០២៥ ដែលមានចក្ខុវិស័យជំរុញការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍ ក្នុងនោះត្រឹមឆ្នាំ២០២០ (៥០%) ឆ្នាំ២០២៥ (១០០%) និងនៅឆ្នាំ២០៣០ (សម្រេច SDG4) «ការសិក្សាពេញមួយជីវិត Life Long Learning» និង SDG8 «ការងារសមស្រប» ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន និងស្របតាមយន្តការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន ដែលជាចលករជំរុញសមត្ថភាពយុវជនកម្ពុជា លើចំណេះដឹងជំនាញ និងឥរិយាបទខ្ពស់ស្របតាមស្តង់ដាអាស៊ាន៕