រាជរដ្ឋាភិបាលស្នើអោយវិស័យសាសនាជួយទប់ស្កាត់អំពើជួញដូរមនុស្សនៅកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ១៤ ០៨ ១៩MC៖រាជរដ្ឋាភិបាលស្នើអោយវិស័យសាសនាជួយទប់ស្កាត់អំពើជួញដូរមនុស្សនៅកម្ពុជា ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋពីការកេងប្រវញ្ចនានា។សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមផ្ទៃ បានអំពាវនាវដល់មេដឹកសានានា នៅកម្ពុជាអោយបង្កើនសកម្មភាពអប់រំសង្គមពិសេសអោយជនខិលខួចទាំងឡាយវាទចាកពីអំពើអាក្រក់នានា និងបញ្ឈប់សកម្មភាពជួញដូរមនុស្សគ្រប់រូបភាព ព្រោះវាជាទង្វើខុសច្បាប់ អមនុស្សធម៌ និងអំពើបាបថែមទៀតផង។ថ្លែងក្នុងវេទិកាជាតិសាសនាប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើបលើកទី៣ កាលពីរសៀលថ្ងៃទី ១៤ខែសីហា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសម្ដេចក្រឡាហោម បានជឿជាក់ថា ការចូលរួមរបស់វិស័យសាសនា ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការជួញដូរមនុស្ស និងទាសភាពសម័យទំនើបនៅកម្ពុជា ដើម្បីជួយរួមចំណែកដល់សកម្មភាពបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឈានទៅបញ្ចប់ទាសភាពសម័យទំនើបយ៉ាងមានប្រសិទ្ធភាព។សម្តេចក្រឡាហោមបន្តថា ការប្តេជ្ញាចិត្ត ធ្វើសកម្មភាពរួមគ្នា និងបន្តពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនា ដល់សាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមាននៅកម្ពុជា តាមរយៈការអប់រំឲ្យយល់ដឹង អំពីអំពើជួញដូរមនុស្សផលប៉ះពាល់ ល្បិចកលជនល្មើស និងនាំគ្នាលុបបំបាត់ ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីទឹកដីកម្ពុជា។សម្ដេចក្រឡាហោមបន្ថែមថា នេះជាសកម្មភាពដ៏កម្រមួយ ដែលបង្ហាញអំពីភាពសុខដុមរមនានៃសាសនា នៅក្នុងប្រទេសកម្ពុជា ដែលមានគោលដៅរួមគ្នា គឺការបង្កើតឲ្យមានសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្តដល់មនុស្ស មិនបៀតបៀនគ្នា មិនប្រឈមមុខដាក់គ្នា ព្រមទាំងរួមគ្នាអប់រំកាយចិត្ត តាមបែបជំនឿសាសនារៀងៗខ្លួន ដល់សាសនិកទាំងឡាយ ឲ្យលើកកម្ពស់សីលធម៌ក្នុងការរស់នៅ និងជួយដាស់តឿនក្រើន រំលឹកគ្នាមិនឲ្យធ្វើនូវអំពើការកេងប្រវ័ញ រំលោភបំពាន ដែលនាំឲ្យមនុស្សដទៃ និងខ្លួនឯងរងទុក្ខវេទនា។សំឡេងនេះជាការប្រមូលកម្លាំងសរុប ដើម្បីរួមគ្នាប្រយុទ្ថប្រឆាំងការជួញដូរមនុស្ស តាមរយៈការអប់រំប្រជាពលរដ្ឋអោយមានការយល់ដឹង..”ឯកឧត្ដម ហ៊ឹម ឆែមទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាមានប្រសាសន៍ថា សកម្មភាពនេះ បាននិងកំពុងក្លាយទៅជាកម្លាំងសាមគ្គីភាពដ៏រឹងមាំក្នុងសង្គមជាតិកម្ពុជា និងជាសកម្មភាពដ៏រស់រវើកដែលនឹងធ្វើឲ្យជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ឲ្យរួមគ្នាបង្ការទប់ស្កាត់ និងការពារគ្នាទៅវិញទៅមកពីអំពើជួញដូរមនុស្ស ដោយមិនប្រកាន់និន្នាការ និងជំនឿសាសនាណាមួយឡើយ ដើម្បីឈានទៅបញ្ចប់ទាសភាពសម័យទំនើបដ៏ឃោរឃៅនេះ។សូមបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលទិវាអន្តរសាសនាថ្នាក់ជាតិប្រារព្ធធ្វើឡើងនៅកម្ពុជា ដោយមានការឯកភាពគ្នារវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរាជរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំសាសនាធំៗ ទាំងឡាយនៅកម្ពុជា៕