ក្រសួងទេសចរណ៍គាំទ្រដល់វិស័យឯកជនឲ្យចូលរួមបណ្តុះបណ្តាលជំនាញ ក្នុងវិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ចេម ហួត

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍គាំទ្រដល់វិស័យឯកជនឲ្យចូលរួមអភិវឌ្ឍធនធានមនុស្ស ដើម្បី បង្កើតជំនាញ និងការងារក្នុងវិស័យទេសចរណ៍សំដៅបង្កើនគុណភាពសេវាកម្មទេសចរណ៍ឲ្យកាន់តែប្រសើរថែមទៀត។
ក្នុងពិធីសម្ភោធ“មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ថាលាស ផ្នែកផលិតកម្មម្ហូបអាហារ”និង “ការចុះអនុស្សរណៈយោគយល់គ្នា”នៅភោជនីយដ្ឋាន តូប៉ាហ្ស នាព្រឹក ថ្ងៃទី១៥ ខែសីហា ឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍បានមានប្រសាសន៍ថា វិស័យឯកជនមានអង្គការ សមាគម ទីភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន និងកន្លែងសេវាកម្មទេសចរណ៍បានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតការងារក្នុងវិស័យទេសចរណ៍ ជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ប្រមាណជាង៦០ម៉ឺននាក់ និងដោយប្រយោលជាង១លាននាក់ថែមទៀត។
ឯកឧត្តមបន្តថា ការបង្កើតមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ថាលាសផ្នែកផលិតកម្មម្ហូបអាហារនាពេលនេះ គឺជាការ រួមចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ ដល់អ្នកជំនាញចុងភៅកម្ពុជា ដែលកន្លងមកមានបទពិសោធន៍និងស្នាដៃល្អ ប៉ុន្តែពុំទាន់មានការទទួលស្គាល់សមត្ថភាពជាផ្លូវការនៅឡើយ។
លោកអា ណេអូល ដាក( Arnauld Darc) នាយកក្រុមហ៊ុន Thalias បានមានប្រសាសន៍ថា តាម រយៈមជ្ឈមណ្ឌលវាយតម្លៃនេះ អ្នកជំនាញចុងភៅ នឹងអាចមានឱកាសទទួលបានការវាយតម្លៃពីអ្នកជំនាញជាតិ និងអាស៊ាន ការតម្រង់ទិសពីអ្នកជំនាញលើអាជីពអនាគត ក៏ដូចជាការបង្ហាញផ្លូវលើការសិក្សាបន្ថែម។ មជ្ឈមណ្ឌលវាយតម្លៃនេះ ក៏ជាគំរូមួយដំបូងគេបង្អស់ក្នុងតំបន់អាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ដែលកម្ពុជា បានដាក់ចុះតាមគំរួកិច្ចសហប្រតិបត្តិការត្រីភាគីគឺ រដ្ឋ-ឯកជន និងដៃគូអភិវឌ្ឍ។
ក្រសួងទេសចរណ៍ បញ្ជាក់ថា ការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងការងារក្នុងវិស័យទេសចរណ៍របស់ផ្នែកឯកជននេះ គឺស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍២០១៧-២០២៥ដោយក្រសួងទេសចរណ៍ជំរុញឲ្យអ្នកជំនាញយ៉ាងតិច៥០%ត្រូវមានវិញ្ញាបនបត្រឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិនិងអាស៊ាន តាមរយៈការបណ្តុះបណ្តាលឬការវាយតម្លៃសមត្ថភាព និងនៅឆ្នាំ២០២៥សម្រេចឲ្យបានយុទ្ធនាការ“បុគ្គលិកម្នាក់ជំនាញមួយ”ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់១០០%ឲ្យមានវិញ្ញាបនបត្រឬសញ្ញាបត្របញ្ជាក់សមត្ថភាព៕