ឥណ្ឌូណេស៊ីបញ្ជូនសំរាមត្រឡប់ទៅកាន់ប្រទេសអូស្រ្តាលីវិញ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩​ — ប្រទេសឥណ្ឌូណេស៊ីបានបញ្ជូនសំរាមរាប់តោនត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញ ខណៈដែល បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានរុញច្រានប្រឆាំងនឹងការធ្វើជាកន្លែងចាក់សំរាមសម្រាប់បរទេស។

យោងតាមទីភ្នាក់ងារគយក្នុងស្រុកបានឱ្យដឹងថា សំរាមចំនួន៨កុងតឺន័រ ដែលមានទម្ងន់ប្រមាណ ២១០តោន បានយកចេញពីទីក្រុងស៊ូរ៉ាបាយ៉ា ដែលជាទីក្រុងធំជាងគេលំដាប់ទី២ របស់ឥណ្ឌូណេស៊ី តាមកប៉ាល់ដឹកទំនិញមួយតាមរយៈប្រទេសសិង្ហបុរី។

លោកស្រី Alvina Christine Zebua អ្នកនាំពាក្យទីភ្នាក់ងារគយនៅកោះជ្វាខាងកើតបាននិយាយថា កុងតឺន័រចំនួន៦ ដែលផ្ទុកទៅដោយកាកសំណល់គ្រោះថ្នាក់ និងកុងតឺន័រចំនួន២ ផ្សេងទៀតមានលាយជាមួយសំរាមគ្រឿងប្រើប្រាស់ប្រចាំគ្រួសារ ត្រូវបានយកចេញពីប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១២ ខែ     សីហា។ ប៉ុន្តែលោកស្រីមិនអាចបញ្ជាក់បានទេថា កុងតឺន័រទាំងនេះអាចនឹងវិលត្រឡប់ទៅដល់អូស្ត្រាលីវិញនៅពេលណា។

វិធានការនេះបានកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រទេសអូស្ត្រាលីបានសន្យាបញ្ឈប់ការនាំចេញសម្រាមដែលអាចកែច្នៃឡើងវិញបាន នៅពេលដែលមានការព្រួយបារម្ភជាសកលអំពីសំរាមប្លាស្ទិចដែលបំពុលមហាសមុទ្រ នឹងបង្កើននូវការប្រឆាំងតបពីបណ្តាប្រទេសនៅអាស៊ី ក្នុងការទទួលយកសំរាមទាំងនោះ។

កាលពីខែមុន ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ខ្លួននឹងបញ្ជូនសំរាមទៅកាន់អូស្ត្រាលីវិញ បន្ទាប់ពីអាជ្ញាធរបានរកឃើញសម្ភារដែលមានគ្រោះថ្នាក់ និងសំរាមគ្រឿងប្រើប្រាស់ក្នុងគ្រួសារ រួមទាំងកំណាត់កន្ទបទារក ព្រមទាំងកាកសំណល់អេឡិចត្រូនិចនៅក្នុងកុងតឺន័រ។

កាលពីខែមុន ប្រទេសឥណ្ឌូណេស៊ីបានបញ្ជូនកាកសំណល់ដែលនាំចូលដោយខុសច្បាប់ចំនួន៧កុងតឺន័រត្រឡប់ទៅកាន់ប្រទេសបារាំង និងហុងកុងវិញ។ អាជ្ញាធរក៏បានត្រៀមបញ្ជូនកាកសំណល់ចំនួន ៤២កុងតឺន័រទៀត ដែលបាននាំចេញមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និង អាល្លឺម៉ង់។

យោងតាមមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) បានឱ្យដឹងថា សំរាមប្លាស្ទិចប្រមាណ ៣០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ ដែលភាគច្រើននៃវាត្រូវបានបញ្ចប់នៅតាមកន្លែងចាក់សំរាម ឬបំពុលសមុទ្រ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)