សមត្ថកិច្ចនឹងធ្វើការពិន័យលើអ្នកមិនពាក់មួកសុវត្ថិភាពឡើងវិញ ក្រោយបញ្ចប់យុទ្ធនាការហៅអប់រំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

សមត្ថកិច្ចនឹងធ្វើការពិន័យលើអ្នកមិនពាក់មួកសុវត្ថិភាពឡើងវិញ ក្រោយបញ្ចប់យុទ្ធនាការហៅម៉ូតូឃាត់ទុកដើម្បីធ្វើការអប់រំ ដែលជំរុញដល់ការពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ។
លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធាវី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែសីហានេះតទៅ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងធ្វើការឃាត់ម៉ូតូចំពោះអ្នកមិនពាក់មួកសុវត្ថិភាពដោយចាប់បង្ខំឲ្យទៅរកមួកសុវត្ថិភាពពាក់ ជាមួយនឹងការពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកចំនួន១៥.០០០រៀល ចំពោះអ្នកមិនពាក់មួកសុវត្ថិភាពម្នាក់។
ការវិលទៅរកការអនុវត្តច្បាប់ឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់យុទ្ធនាការហៅម៉ូតូឃាត់ទុក ចំពោះអ្នកមិនពាក់មួកសុវត្ថិភាព ដើម្បីជាការជំរុញឲ្យមានការពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ក្នុងរយៈពេល១ខែ ដែលបានអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធាវី មានប្រសាសន៍ថា ក្នុងរយ:ពេលមួយខែនេះ មិនមានការ ពិន័យចំពោះអ្នកមិនពាក់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរតាមម៉ូតូនោះឡើយ ដោយសមត្ថកិច្ចគ្រាន់តែធ្វើការឃាត់ទុកមិនឲ្យបន្តដំណើរទៅមុខទៀត រហូតទាល់តែទៅទិញមួកសុវត្ថិភាពយកមកពាក់ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀតបាន ប៉ុន្តែក្រោយពីយុទ្ធនាការផ្សព្វផ្សាយ និងអប់រំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ នគរបាលចរាចរណ៍ដែលប្រចាំការនៅតាមគោលដៅនឹងធ្វើការពិន័យតាមច្បាប់កំណត់វិញ។
ផ្តល់បទសម្ភាសន៍ដល់វិទ្យុជាតិកម្ពុជា តាមរយៈទូរស័ព្ទនៅថ្ងៃទី១៥ ខែសីហានេះ លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានគាំទ្រឲ្យមានការរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងទៅលើការពាក់មួកសុវត្ថិភាព ការត្រួតទៅលើគ្រឿងស្រវឹងក្នុងពេលបើកបរ និងល្បឿន ជាដើមនេះ ឲ្យបានព្រមៗគ្នាទាំងនៅក្នុងរាជធានីភ្នំពេញ និងផ្លូវជាតិនៅតាមបណ្តាខេត្តឲ្យបានទាំងថ្ងៃ ទាំងយប់ ដើម្បីកាត់ បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍។
របាយការណ៍របស់អគ្គស្នងការរងនគរបាលជាតិ បានបង្ហាញថា នៅពេលថ្ងៃមានអ្នកពាក់មួកសុវត្តិភាពពេលជិះម៉ូតូច្រើនប្រមាណ៨០ភាគរយ ប៉ុន្តែចំនួននេះមានការថយចុះច្រើននៅប្រហែល៣០ភាគរយ ខណៈការសិក្សារបស់អង្គការមូលនិធិបង្ការរបួសអាស៊ី បានបង្ហាញថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវអាចកាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរបាន៦៩ភាគរយ និងបញ្ចៀសការស្លាប់បាន៤២ភាគរយ។
សូមបញ្ជាក់ថា កាលយប់ថ្ងៃទី១៤ ខែសីហា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចំណាយពេលរយ:ពេល៤ម៉ោង ចាប់ពីម៉ោង៧ រហូតដល់ម៉ោង១១យប់ ដើម្បីចុះត្រួតពិនិត្យផ្ទាល់នៅតាមគោលដៅជាច្រើន ក្នុងការត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលផ្តោតសំខាន់លើការពាក់មួកសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នកអមដំណើរ ក៏ដូចជាដើម្បីយល់ច្បាស់ពីស្ថានភាពទូទៅរបស់មន្រ្តីក្នុងពេលអនុវត្តការងារ ជាពិសេសជាការលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ដល់មន្ត្រីទាំងអស់ដែលបានខិតខំអនុវត្តការងារទាំងថ្ងៃទាំងយប់ សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសនៅលើដងផ្លូវ៕