សមាជិករដ្ឋសភា ស្នើឲ្យមន្រ្តីសុខាភិបាល និងអាជ្ញាធរខេត្តកំពង់ឆ្នាំងយកចិត្តទុកដាក់ផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា ៖លោកវ៉ាង ភក្តី
MC: សមាជិករដ្ឋសភា ស្នើឲ្យមន្រ្តីសុខាភិបាល និងអាជ្ញាធរខេត្តកំពង់ឆ្នាំងយកចិត្តទុកដាក់ផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានលើកឡើងថា ការសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋ ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ទាំងកម្មករ ស្ត្រីមានផ្ទៃពោះ ជាដើម។
ការលើកឡើងនេះ ធ្វើឡើងក្នុងពេលដឹកនាំគណៈប្រតិភូចុះបេសកកម្មនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៣ ខែសីហា ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាព និងការផ្តល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួននៅក្នុងខេត្ត ព្រមទាំងចុះសួរសុខទុក្ខកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រក្នុងខេត្ត។ ជាមួយគ្នានេះ ក៏ដើម្បីសិក្សាស្វែងយល់ពីផលលំបាក និងបញ្ហាប្រឈមមួយចំនួននៅក្នុងការអនុវត្តច្បាប់ និងការផ្តល់សេវាសុខាភិបាលជូនកម្មករ កម្មការិនី ដែលមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌សម្រាប់ពលរដ្ឋក្រីក្រ។
បើតាមការបញ្ជាក់របស់ លោក អៀង វុធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ខេត្តបានយកចិត្តទុកដាក់ជាខ្លំាងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកែទម្រង់ស៊ីជម្រៅ ក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋប្រកបដោយប្រសិទ្ធិភាព ដែលមានដូចជាសេវាសុខាភិបាល សង្គមកិច្ច អប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ជាដើម។ លោកថា ការផ្តល់សេវាសុខាភិបាល ដោយមិនគិតប្រាក់ ក្រោមហិរញ្ញប្បទានសមធម៌ និងគោលនយោបាយរបបសន្តិសុខសង្គម ត្រូវបានលើកស្ទួយជាបន្តបន្ទាប់។ «នៅដើមឆ្នាំ២០១៩ ការអនុវត្តនូវកម្មវិធីសមធម៌ក្នុងខេត្តបានបម្រើសេវាជូនប្រជាពលរដ្ឋបានជាង៥ម៉ឺនករណី។ សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានចំនួនជិត៣ម៉ឺនករណី។ ការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ថវិកាដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីមានកូនអាយុក្រោម២ឆ្នាំ បានចំនួន១.១៤៩នាក់ ដោយក្នុងមួយនាក់ៗ ទទួលបានថវិកា៤លើក កំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល។ មុនសម្រាល ទទួលបាន៤ម៉ឺនរៀល។ ពេលសម្រាល២០ម៉ឺនរៀល និងក្រោយសម្រាល៤០ម៉ឺនរៀល ដោយចែកចេញជា១០លើកក្នុងការបើកជូន»។
មន្ត្រីសាលាខេត្តរូបនេះ បានឲ្យដឹងទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំមានមន្ទីរពេទ្យបង្អែកចំនួន៣កន្លែង មណ្ឌលសុខភាពសរុបចំនួន៤២កន្លែង និងកំពុងសាងសង់ថ្មីចំនួន២កន្លែងបន្ថែម មានឱសថស្ថាន និងឱសថស្ថានរង សរុបចំនួន៥៥កន្លែង សេវាសុខាភិបាលឯកជនសរុបមានចំនួន ៤៣៨កន្លែង៕