ប្រជាពលរដ្ឋនៅចំណុចវាលរំពេរចង់ឱ្យរៀបចំតំបន់នេះអេកូទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.Cប្រជាពលរដ្ឋនៅ ចំណុចវាលរំពេរ ឃុំកំភុនស្រុសេសានបានសំណូមពរអោយអាជ្ញាធរពាក់ព័ន្ធរៀបគម្រោងអភិវឌ្ឍន៍បឹងវាលរំពេរ ឱ្យទៅជាតំបន់អេកូទេសចរណ៍មួយ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ព្រោះទឹកនៅបឹងនេះមានស្ថានភាពចម្លែក ដោយនៅខែប្រាំងទឹកឡើង ហើយខែវស្សា ទឹកបឹងវាលរំពេរ បែជាស្រកខុសពីធម្មតាទៅវិញ។
លោកស្រីភ្លិ នឿន រស់នៅចំណុចវាលរំពេរបានអះអាងថា៖ភាពខុសប្លែកនេះតាមចាស់ទុំនិយាយតៗគ្នាមកគឺកើតមានតាំងពីយូលង់មកហើយ ចំណែកបច្ចុប្បន្នក៍ស្ថានភាពទឹកនៅបឹងនេះក៍នៅតែមានកម្រិតចុះឡើង ធ្វើឱ្យភ្ញៀវទេសចរ ឆ្លងការតតាមផ្លូវលេខ៧៨នេះចាប់អារម្មណ៍ នៅខែប្រាំងទឹកបានឡើងលិចផ្ទះសម្បែងនិងផលដំណាំ។
លោកស្រីងួនស៊ីនរស់នៅចំណុចវាលរំពេនេះដែរបានលើកឡើងដែរថា៖ស្ថានភាពនេះប្រជាពលរដ្ឋនៅតំបន់នេះមិនសូវចាប់អារម្មទេតែភ្ញៀវទេចរជាតិអន្តរជាតិគាត់ចាប់អារម្មណ៍ ចង់ឃើញ តែមិនទាន់មានស្ថាប័នពាក់ព័ន្ធមករៀបចំឱ្យបានត្រឹមត្រូវ។លោកស្រីបន្តថា៖ចំឡែកមួយទៀតនៅក្នុងបឹងវាលរំពេរនេះរាល់ថ្ងៃសិល ពេលព្រលប់ឡើង មានសត្វមរទឹក បានផុសឡើងបង្ហាញខ្លួនឱ្យអ្នកទៅរកត្រីនៅបឹងនេះឃើញស្ទើតែគ្រប់គ្នា។
លោក សៅ មី អាយុ៨៦ឆ្នាំរស់នៅភូមិឃុំស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានអះអាងថា៖ ចាស់ទំជំនាន់ពីដើម បានរៀបចំកន្លែងបឹងវាលរំពេនេះធ្វើបុណ្យនៅរដូវប្រាំងទឹកឡើងពេញព្រៀបចាប់ពីខែតុលាដល់ខែមិនាមុនរដូវចូលឆ្នាំ។លោកបន្តថា៖ចំណែកនៅពេលខែវស្សាទឹកស្រកដោយសារសត្វស្តេចនាគទឹក ចេញពីរូងនៅពេលភ្លៀងមកទឹកហូរតាមរូងនោះទៅក្នុងទន្លេអស់។ លុះដល់ពេលខែប្រាំង ទឹកស្រកសត្វស្តេចនាគទឹកបានចូលមកនៅក្នុងរូងវិញ ទើបខែប្រាំងបឹងវាលរំពេរមានទឹកឡើងលិចមកដល់ផ្លូវជាតិ់។
រីឯមន្ត្រីជំនាញមន្ទីរធនធានទឹកនឹងឧត្តុនិយមខេត្តបានអះអាងថា៖នេះជាអភូតហេតុមួយចំឡែកព្រោះខែវស្សាទឹកស្រកទោះបីភ្លៀងច្រើនអត់មានទឹកដែរ ចំណែកខែប្រាំងអត់ភ្លៀងបែរទឹកឡើងច្រើនទៅវិញ។ លោកថា៖រឿងបែបនេះមានយូរមកហើយតែមិនទាន់មានអ្នកជំនាញផ្នែកណាមួយមកសិក្សាស្រាវជ្រាវរកហេតុផលនេះទេ ហើយលោកអំពាវនាវឲ្យអ្នកវិទ្យាសាស្ត្រមកសិក្សាស្រាវជ្រាវដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដនៃទឹកឡើងនៅរដូវប្រាំងបែបនេះ ដើម្បីថែរក្សាទុកនិងបង្កើតតំនប់នេះឱ្យទៅជាតំបន់អេកូទេសចរណ៍៕