រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋ មកពី២២ក្រុម ក្នុងខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំពិភាក្សា ដោះស្រាយកង្វល់ និងផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋមកពី២២ក្រុម ក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តនាព្រឹកថៃ្ងអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

ក្នុងកិច្ចពិភាក្សាកង្វល់របស់ប្រជាពលរដ្ឋ ដែលបានមកចូលរួមមាន ២២ក្រុម មកពី ២ក្រុង និង៣ស្រុក នៃខេត្តព្រះសីហនុ ពួកគាត់បានលើកឡើងបញ្ហាស្រដៀងគ្នា គឺសុំចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ដែលមន្ត្រីជំនាញបានចុះវាស់វែងនាពេលកន្លងមក និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ដោយឡែកខាងអង្គការ CNRO បានស្នើសុំឱ្យរដ្ឋ បាលខេត្តព្រះសីហនុ ពិនិត្យបញ្ហាការចាក់ដីចូលសមុទ្រ ការកាប់បំផ្លាញព្រៃកោងកាង ដីព្រៃឧទ្យានជាតិរាមជាដើមធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តបាន ទទួលឯកសាររបស់ប្រជាពលរដ្ឋទាំង២២ក្រុម និងសន្យាធ្វើការដោះស្រាយម្តងមួយៗ ព្រោះបើយើងដោះស្រាយមួយកញ្ចប់តែម្តង មិនអាចធ្វើបានទេ។ ចំពោះរឿងដែល ចូលដល់ប្រព័ន្ធតុលាការ រដ្ឋបាលខេត្តមិនមានសិទ្ធិនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ រកមេធាវីដើម្បីការពារក្តី។

ទន្ទឹមនោះអភិបាលខេត្តព្រះសីហនុ សុំការយោគយល់ពីប្រជាពលរដ្ឋ សូមមានការ អត់ធ្មត់ ក្នុងការដោះស្រាយ ព្រោះយើងជ្រើសរើសយកកិច្ចការណាសំខាន់មកធ្វើការដោះ ស្រាយចំពោះមុខ ហើយនៅមានឯកសារជាច្រើនទៀត ដែលរដ្ឋបាលខេត្តត្រូវធ្វើការដោះ ស្រាយជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរបងប្អូនប្រជាពលរដ្ឋកុំចូលកាន់កាប់ដី ព្រៃរបស់រដ្ឋ និងដីឯកជនដោយខុសច្បាប់ ហើយក៏មិនអនុញ្ញាត្តឱ្យមានការចាប់ដីរដ្ឋដោយ ខុសច្បាប់នោះដែរ។ មន្ត្រីរបស់យើងជាអ្នកបម្រើសេវាសាធារណៈជូនបងប្អូនប្រជា ពលរដ្ឋការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាចម្បងក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួម ចំណែកការអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន និងជួយកាត់បន្ថយនូវភាពក្រីក្ររបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

ដោយ ងូ សុមុនី