អ្នកបង្ហោះសារថា ការបរិភោគសាច់ជ្រូកឆ្លងជំងឺប៉េស្តជ្រូកបានសុំទោសជាសាធារណ:ហើយ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖បុរសម្នាក់ដែលបានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកថា កូនរបស់ខ្លួនបានកើតជំងឺប៉េស្តជ្រូក ក្រោយពីបានបរិភោគសាច់ជ្រូក នៅពេលនេះបានធ្វើការសុំទោសជាសាធារណ:ហើយ បន្ទាប់ពីព័ត៌មាននេះ បានធ្វើឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ការបរិភោគាច់ជ្រូក។

លោក ស៊ី ឡុង ដែលជាអ្នកដែលបានបង្ហោះសារនោះ បានសារភាពថា ខ្លួនពិតជាបានបង្ហោះសារថា កូនស្រីរបស់លោកកើតជំងឺប៉េស្តជ្រូក ក្រោយពីបរិភោគសាច់ជ្រូក ខណៈមិនទាន់មានការពិនិត្យ ត្រឹមត្រូវពីគ្រូពេទ្យជំនាញទៅលើអំពីជំងឺកូនរបស់ខ្លួន។

ថ្លែងក្នុងសន្និសីទកាសែតដែលរៀបចំឡើងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែសីហានេះ លោកបាននិយាយដោយទទួលស្គាល់កំហុសរបស់ខ្លួន ដែលធ្វើឱ្យមានការភាន់ច្រឡំដល់សារធារណជន ចំពោះការកើតឡើងនូវជំងឺអាក្រក់បរិភោគសាច់ជ្រូក។

ជាមួយគ្នានេះ ក៏បានសន្យាថា នឹងបញ្ឈប់ការបង្ហោះសារដែលមិនមានមូលដ្ឋានច្បាស់លាស់ ដែលធ្វើមានការភាន់​ច្រឡំដល់សារធារណជន និងប៉ះពាល់ដល់សង្គមជាតិ។

លោកបាន សំឡេង«ធាតុពិតមែនជាអញ្ចឹងនោះទេ ដែលមានផលប៉ះពាល់សាច់ជ្រូកអីនោះទេ ហើយឲ្យប្រជាពលរដ្ឋ​មួយចំនួនដែលផុស និងយល់ខុសដូចខ្ញុំចឹង កុំព្យាយាមផុសផ្ដេសផ្ដាសអំពីបញ្ហាហ្នឹង»
បើតាមការបញ្ជាក់របស់​លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្យ នាយកមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា ជំងឺកូនស្រីរបស់លោក ស៊ី ឡុងនេះ មិនមែនកើតឡើងដោយឆ្លងនូវជំងឺប៉េស្តជ្រូកនោះឡើយ ផ្ទុយទៅនឹងក្រុមគ្រូពេទ្យបានរកឃើញថា មានជំងឺផ្សេង។
លោកវេជ្ជបណ្ឌិតបន្ដថា ក្រោយពីពិនិត្យ និងព្យាបាលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថានភាពជំងឺរបស់ក្មេងស្រីនេះ មានភាពល្អប្រសើរ នឹងអាចជាសះស្បើយនាពេលឆាប់ៗនេះ។

កាលពីថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋពិសាសាច់ជ្រូកជាធម្មតា ដោយកុំខ្លាចពីបញ្ហាជំងឺប៉េសជ្រូក ដោយសារជំងឺនេះមិនឆ្លងទៅមនុស្សនោះឡើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នសម្តេច ក៏ទទួលទានសាច់ជ្រូកដែរ ដោយមិនមានការភ័យព្រួយពីការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក នោះឡើយ៕