មេដឹកនាំកូរ៉េខាងជើងជំរុញដល់អ្នកវិទ្យាសាស្ត្រឱ្យចូលរួមចំណែក នៅក្នុងផ្នែកការពារជាតិ

AKP ភ្នំពេញ  ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹក​នាំ​កូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានលើកកម្ពស់ឋានៈយោធាសម្រាប់អ្នកវិទ្យាសាស្ត្រ​ឱ្យមាន​ការចូលរួមចំណែកក្នុងការអភិវឌ្ឍអាវុធថ្មី នឹងពង្រឹងការការពារជាតិ។

តាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)បានឱ្យដឹងថា លោក គីម បានចេញបទបញ្ជាលើកកម្ពស់អ្នកវិទ្យាសាស្ត្រចំនួន១០៣នាក់ នៅក្នុងផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ​ការពារជាតិដែលបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការពង្រឹងសមត្ថភាពយោធាសម្រាប់​ការពារខ្លួន។

KCNA បាននិយាយថា លោក គីម បានកោតសរសើរដល់អ្នកវិទ្យាសាស្ត្រដែលបាន​ផ្តល់នូវចំណុចរបត់នៃសម័យកាលមួយ ក្នុងការពង្រឹងសមត្ថភាពយោធារបស់ប្រទេស និងការដោះស្រាយបញ្ហាបច្ចេក ទេសដ៏លំបាកនៃវិទ្យាសាស្ត្រការពារជាតិដ៏ទំនើបបំផុតនេះ ។

នៅប្រទេសកូរ៉េខាងជើង ថ្នាក់យោធាត្រូវបានប្រគល់ជូនដល់ជនស៊ីវិល​ទាំងឡាយ​ណាដែលទទួល​ស្គាល់ការចូលរួមចំណែករបស់ពួកគេចំពោះប្រទេស។

ការផ្សព្វផ្សាយនេះ បានកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បង​មីស៊ីលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កូរ៉េខាងជើងបានបាញ់មីស៊ីល ២គ្រាប់ ដែលគេ​ជឿថា ជាមីស៊ីលរយៈចម្ងាយខ្លីកាលពីថ្ងៃសៅរ៍ ដែលជាការបាញ់លើកទី៥ ចាប់តាំងពីចុងខែ​កក្កដាកន្លងមកនេះ។

ក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនបានសាកល្បងអាវុធដែលណែនាំពីយុទ្ធសាស្ត្រ​ថ្មី​កាលពីថ្ងៃទី២៥ ខែកក្កដា ហើយខ្លួនបានបាញ់ប្រព័ន្ធមីស៊ីលខ្នាតធំ ដែលមានសមត្ថភាពខ្ពស់​ក្នុង​ការ​បាញ់ពីរលើកជាបន្តបន្ទាប់នៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី២ ខែសីហា។

នៅពេលមុននេះ មេដឹកនាំលោក គីម បានពិនិត្យមើលនាវាមុជទឹកដែលទើបនឹង​បង្កើត​ថ្មី​មួយ​ ដែលយោធាកូរ៉េខាងត្បូងមើលឃើញថា មានសមត្ថភាពផ្ទុកមីស៊ីលផ្លោងឆ្លងទ្វីបជា​ច្រើន​ប្រភេទ (SLBMs) ​​។

បន្ទាប់ពីការបាញ់កាំជ្រួចមគ្គុទ្ទេសយុទ្ធសាស្ត្របែបថ្មីកាលពីថ្ងៃទី៦ ខែសីហា កន្លងទៅ​នេះ​មក ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរាយការណ៍ថា លោក គីម មានរូបថតជាក្រុមថត​ជាមួយអ្នកវិទ្យាសាស្ត្រ និង កម្មករនៅក្នុងវិស័យគ្រាប់បែកនេះ ដោយក្រុមអ្នកសង្កេតការណ៍​មួយក្រុមបាន​និយាយថា សកម្មភាពនេះអាចជាសញ្ញានៃការបញ្ចប់ការអភិវឌ្ឍអាវុធ ដែលកូរ៉េ​ខាង​ជើង​បាន​ធ្វើការសាកល្បងកាលពីពេលថ្មីៗនេះ៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)