កូរ៉េខាងត្បូង និងហ្វីលីពីនចាប់ផ្តើមកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកទីបី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ សាធារណរដ្ឋកូរ៉េ និងហ្វីលីពីន បានចាប់ផ្តើមកិច្ចចរចាជុំទី៣ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅទីក្រុងប៊ូសាន។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល របស់កូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃទី១១ ខែសីហាថា កិច្ចចរចាដែលនឹងមានរយៈពេល៣ថ្ងៃនេះ នឹងគ្របដណ្តប់ទៅលើទំនិញ និងសេវាកម្ម ការវិនិ-យោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិធានទូទៅ។

កាលពីខែមេសា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាឆ្ពោះទៅរកកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងពិធីរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរបស់ពួកគេ។

កិច្ចចរចាជុំទី១ នឹងជុំទី២ ត្រូវបានធ្វើឡើងកាលពីខែមិថុនា និងខែកក្កដា ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅមុនកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាននឹងកូរ៉េខាងត្បូងដែលគ្រោងធ្វើនៅក្នុងខែវិច្ឆិកា ខាងមុខនេះ នៅទីក្រុងប៊ូសាន។

យោងតាមក្រសួងខាងលើបានឱ្យដឹងថា ប្រទេសហ្វីលីពីនជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៥ របស់កូរ៉េខាងត្បូងនៅក្នុងតំបន់អាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)