តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងខេត្តកំពត បានការទទួលស្គាល់ជាតំបន់សត្វស្លាបនៅអាស៊ីខាងកើត-អូស្រ្តាលី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ យី វិច្ឆិកា ១៣ ០៨ ២០១៩ ៖

 តំបន់ការពារទេសភាពអន្លង់ព្រីងនៅខេត្តកំពតរបស់កម្ពុជា ត្រូវបានទទួលស្គាល់ជាតំបន់ភូមិសាស្ត្រមួយ ដែលសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនធ្វើការបម្លាស់ទីពីជម្រកពងកូន ទៅទីសំចត និងទីតាំងស្វែក រកចំណីក្នុងរដូវពេលជាក់លាក់មួយជាប្រចាំឆ្នាំរបស់ពួកវា។
សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី១២ ខែសីហា បានឲ្យដឹងថាលេខាធិការដ្ឋាននៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី បានអបអរសាទរ និងទទួលស្គាល់តំបន់ការពារទេសភាពអន្លង់ព្រីង ដែលមានក្រលាផ្ទៃសរុប២១៧ហិកតា ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី បន្ទាប់ពីតំបន់នេះ ត្រូវបានវិនិច្ឆ័យដោយផ្អែកទៅលើសារៈសំខាន់នៃកត្តាជីវៈចម្រុះ និងមុខងារអេកូឡូស៊ី ជាពិសេសផ្តល់ជាទីជម្រក ដ៏សំខាន់ដល់សត្វស្លាបទេសន្តរប្រវេសន៍ក្នុងវដ្តជីវិតរបស់ពួកវា។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិ បានបង្ហាញក្តីសង្ឃឹមថា ការទទួលស្គាល់តំបន់នេះជាតំបន់ នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលីទីមួយនៅកម្ពុជា នឹងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជំរុញប្រជាសហគមន៍ឲ្យមានការចូលរួមក្នុងការការពារ និងប្រើប្រាស់ធនធានតំបន់ដីសើមនេះដោយមាននិរន្តភាព។
ដូចគ្នានេះ លោកបណ្ឌិត ស្រី ស៊ុនលាង ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានលើកឡើងថា ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ គឺទាមទារឲ្យមានការចូលរួមការពារតំបន់ដីសើមសំខាន់ៗដែលជាជម្រកពងកូន ទីសំចត និងទីតាំងរកចំណី ពីបណ្តាប្រទេសទាំងអស់ ក្នុងផ្លូវហោះហើររបស់ពួកវា។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅលើពិភពលោក មានផ្លូវហោះហើរចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ ។ តំបន់ការពារទេសភាពអន្លង់ព្រីងនេះ បានផ្តល់ជាទីជម្រក និងប្រភព ចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស ជាដើម ដោយជាទូទៅពួកវាមកដល់តំបន់ដីសើមនេះ ក្នុងកំឡុងខែធ្នូ ដើម្បីរកចំណី ហើយនៅដើមខែឧសភា សត្វស្លាបទេសន្តរប្រវេសន៍ទាំងនោះ តែងធ្វើការផ្លាស់ទីទៅកាន់ទីតាំងពងកូនដើម្បីបន្តពូជវិញ៕