អភិបាលខេត្តស្ទឹងត្រែងស្នើឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីជំរុញវិនិយោគិនមកវិនិយោគក្នុងខេត្ត

វិទ្យុជាតិកម្ពុជា ៖ ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

អាជ្ញាធរខេត្តស្ទឹងត្រែងស្នើឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីណែនាំវិនិយោគិនពីប្រទេសឥណ្ឌូនេស៊ី ចូលមកវិនិយោគក្នុងខេត្តស្ទឹងត្រែងលើវិស័យនានាឲ្យបានច្រើន ដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដើម្បីជំរុញឲ្យខេត្តកាន់តែមានភាពរីកចម្រើនថែមទៀត។

ក្នុងឱកាសជួបសំណេះសំណាលការងារជាមួយ ឯកឧត្ដម ស៊ូឌីរម៉ាន់ ហាសែង(SUDIRMAN HASENG)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០១៩ ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ការងារវិនិយោគពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយពន្លឿនដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តនិមួយៗឲ្យមានភាពរីកចំរើន។ ដូច្នេះលោកអភិបាលខេត្តបានស្នើសុំឲ្យឯកឧត្ដម ស៊ូឌីរម៉ាន់ ហាសែង ជួយស្វែងរកដៃគូវិនិយោគឥណ្ឌូនេស៊ីមកធ្វើការវិនិយោគលើវិស័យ ដែលមានសក្ដានុពលមួយចំនូនក្នុងខេត្ត ដូចជាកសិកម្មនិងទេសចរណ៍ជាដើម។
ឯកឧត្ដម ចាត់ទុកថា ជំនួបរវាងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីពិតជាមានសារះសំខាន់ណាស់ និងជាប្រវត្តិសាស្រ្តសម្រាប់ខេត្តដែលមិនអាចបំភ្លេចបានឡើយ និងបានរម្លឹកឡើវវិញផងដែរអំពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អរវាងប្រទេសទាំងពីរតាមរយៈវិស័យពាណិជ្ជកម្ម និងវប្បធម៍ កន្លងមក ។
ឯកឧត្ដម ស៊ូឌីរម៉ាន់ ហាសែង បានមានប្រសាសន៍ថា ចំពោះការស្នើសុំរបស់អភិបាលខេត្ត ឯកឧត្ដម នឹងរៀបចំកម្មវិធីទស្សនៈកិច្ចសិក្សារដោយអញ្ជើញថ្នាក់ដឹកនាំ និងក្រុមអ្នកវិនិយោគពីកម្ពុជាទៅទស្សនៈកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ដែលនេះជាឱកាសល្អសម្រាប់កម្ពុជាទាក់ទាញវិនិយោគិនឥណ្ឌូនេស៊ីមកដាក់ទុនវិនិយោគនៅខេត្តស្ទឹងត្រែងលើវិស័យណាមួយ ដែលឯកឧត្ដម ភិបាលខេត្តចង់បាន និងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើការងារអភិវឌ្ឍន៍និងវិនិយោគរវាងកម្ពុជានិងឥណ្ឌូនេស៊ី។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បន្ថែមថាកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី គឺមានពីយូរលុងមកហើយ ដោយប្រទេសទាំងពីរមានទំនាក់ទំនងល្អទាំងវប្បធម៌ និងទេសចរណ៍។ ជាពិសេសការចូលជួបសម្តែងការគួរសមរវាងគណៈប្រតិភូឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងថ្នាកដឹកនាំខេត្តស្ទឹងត្រែងនាពេលនេះគឺជាការបង្ហាញឲ្យកាន់តែច្បាស់ពីទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀតរវាងឥណ្ឌូនេស៊ីនិងកម្ពុជាក៏ដូចជាទំនាក់ទំនងរវាងឥណ្ឌូនេស៊ីជាមួយបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕