រដ្ឋបាលខេត្តកំពង់ចាម ត្រៀមការពារ សណ្តាប់ធ្នាប់ ក្នុងសម័យប្រលងមធ្យមទុតិយភូមិឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖ដោយលោក ហាងចាន់ថា ខេត្តកំពង់ចាម

ឯកឧត្តម ឡៅ ឈាវ អ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាមនៅរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំពិភាក្សាការងារ ការពារ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ នៅពេលប្រលង សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាព ជុំវិញសាលាខេត្ត ។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្ដម អ៊ុន ចាន់ដា បានជំរុញ ឲ្យកងកម្លាំងសមត្ថកិច្ចចុះពិនិត្យរៀបចំសណ្តាប់ធ្នាប់ ជុំវិញបរិវេណមណ្ឌលប្រលង ដើម្បីភាពល្អប្រសើរ និង សុវត្ថិភាព ជូនបេក្ខជនពេលប្រលង នឹងពេលធ្វើដំណើរទាំងទៅ ទាំងមកកាន់មណ្ឌលប្រលង ។
ឯកឧត្ដម បញ្ជាក់ ទៀតថា ឆ្នាំនេះគ្មានការចូលរួមពីមន្ត្រី ឬអ្នកស្ម័គ្រចិត្តខាងអង្គភាពប្រឆាំងអំពើពុករលួយឡើយ ដូច្នេះស្នើសុំឲ្យមន្ទីរអប់រំ ចូលរួមសហការរឹតបណ្តឹងក្នុងការត្រួតពិនិត្យប្រើប្រាស់ឧបករណ៍ដែលក្រសួងអប់រំ យុវជន នឹងកីឡាបានហាមឃាត់ ដូចជា ទូរស័ព្ទ សំណៅឯកសារពាក់ពន្ធ័ គ្រឿងផ្ទុះ ជាដើម ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ កាន់តែល្អប្រសើរ។
យោងតាមរបាយការណ៍បង្ហាញថា ការកំណត់មណ្ឌលប្រលមធ្យមសិក្សាទុតិយភូមិន្ទ ឆ្នាំ២០១៩នេះ នៅក្នុងខេត្តកំពង់ចាម ក្រសួង អប់រំ យុវជន និង កីឡា បានចែកចេញជាពីរថ្នាក់ មានថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល ស្មើនឹង១២៧បន្ទប់ នឹងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៩មណ្ឌល ស្មើនឹង២០៩បន្ទប់ ៕