ក្រសួងព័ត៌មានអនុវត្តផែនការបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានអាជីពដល់ មន្ដ្រីវិទ្យុជាតិកម្ពុជា

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា

ភ្នំពេញ៖ ៖ក្រសួងព័ត៌មានអនុវត្តផែនការបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានអាជីពដល់​​មន្រ្ដី​អគ្គនាយកដ្ឋាន​វិទ្យុជាតិកម្ពុជា ដើម្បីពង្រីកសមត្ថភាពក្នុងការផ្តល់ព័ត៌មានជូនដល់ ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ និងប្រកបដោយវិជ្ជាជីវៈ។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មាន ដល់មន្ដ្រីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមាន​ប្រសាសន៍ថា ការបណ្ដុះ បណ្ដាលនេះ គឺជាតម្រូវការមួយដែលចាំបាច់ ដើម្បីអោយការផ្សាយ​របស់​វិទ្យុជាតិកម្ពុជាទទួលបានការ គាំទ្រពី​អ្នកស្ដាប់នៅទូទាំងប្រទេស សក្ដិសមជាវិទ្យុ ដែលជាសំឡេងរបស់ជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបានជំរុញលើការលើកកម្ពស់ផ្នែកវិនិយោគធនធាន មនុស្សក្នុងវិស័យព័ត៌មាននេះ ឲ្យស្រប​តាម​សម័យកាល ដើម្បីធ្វើយ៉ាងណាអោយអ្នកសារព័ត៌មាន អាចឆ្លើយតបបានតាមតម្រូវការសង្គម ពិសេសការបន្សាប​ព័ត៌មាន​ក្លែងក្លាយ ហើយផ្តល់ព័ត៌មាន ច្បាស់លាស់ទៅដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់ព័ត៌មានច្បាស់លាស់និង គ្រប់ជ្រុងជ្រោយ គឺបាន ផ្តល់គុណប្រយោជន៍យ៉ាងសំខាន់​ដល់ប្រជា​ពលរដ្ឋក្នុង​ការធ្វើសេចក្តី សម្រេចចិត្តឲ្យ បាន ត្រឹមត្រូវ។

សម្លេង«វគ្គបណ្ដុះបណ្ដាលនេះជាវគ្គខ្លីដែលយើងធ្លាប់ធ្វើកន្លងមកគឺមានគ្រូមកពីអូស្រ្ដាលី គ្រូមកអគ្លេសមកបង្រៀនមន្រ្ដី កាលពីប៉ុន្មានឆ្នាំមុន ឥឡូវនេះយើងបានយកគ្រូដែលមានជំនាញ ដែលគាត់មានបទពិសោធន៍ធ្វើការជាមួយវិទ្យុABCអូស្រ្ដាលី ពីព្រោះគាត់ជាទីប្រឹក្សាក្រសួងព័ត៌មានអោយគាត់មកបណ្ដុះបណ្ដាលមន្ដ្រីរបស់យើង កាលណាយើងរៀនចេះ​ទៅអំពីហ្វេក​ញូដែល​យើងអាចចេះថ្លឹងថ្លែង និងសរសេររបៀបណា ហើយវាជះឥទ្ធិពលការផ្សាយរបស់យើង ហើយការបណ្ដុះបណ្ដាល​នេះគឺមានធនធានគ្រប់គ្រានក្នុងការសរសេរចាប់មុំព័ត៌មានអោយបានត្រឹមត្រូវ ខ្លី ខ្លឹម ដែលបង្កភាពងាយស្រួល​ដល់ប្រជា​ពលរដ្ឋ ចឹងវគ្គបណ្ដុះបណ្ដាលនេះ គឺមានសារៈសំខាន់ណាស់សម្រាប់បណ្ដុះបណ្ដាល ហើយមិនមែនមន្រ្ដី​វិទ្យុមិនចេះសរសេរព័ត៌​មាននោះទេដែលនេះ គឺជាវគ្គបំប៉នបន្ថែមដើម្បីបញ្ជៀបនូវព័ត៌មានថ្មីនៃលក្ខខណ្ឌព័ត៌មានថ្មីៗបន្ថែមទៀត ដែលសម្របស្របទៅ​នឹងស្ថានភាពនាពេលបច្ចុប្បន្ន ដែលជាព័ត៌មានហ្វេកញូជាដើម»។

ឯកឧត្ដម ពេជ្រ ប៊ុនរ៉ា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាគ្រូបង្គោលវគ្គបណ្ដុះបណ្ដាលមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលដល់​មន្រ្តី​វិទ្យុជាតិកម្ពុជាលើជំនាញសរសេរព័ត៌មាន និងបទយកការណ៍។ឯកឧត្ដមបន្តថា ជំនាញនេះនឹងជួយឲ្យបុគ្គលិកថ្មីៗ ដែលទើបតែចូលបម្រើការងារនៅវិទ្យុជាតិ មានសមត្ថភាព ដើម្បីធ្វើអោយព័ត៌មានរបស់វិទ្យុជាតិប្រកបដោយវិជ្ជាជីវះ លឿន មានតុល្យភាព និងទុកចិត្ដបាន ដែលឆ្លើយតបតាមតម្រូវការរបស់ប្រជារដ្ឋជាអ្នកស្ដាប់។

ឯកឧត្ដមបន្តថា ទន្ទឹមនឹងនេះ ជំនាញនេះនឹងជួយអោយអ្នកនិពន្ធអាចសរសេរអត្ថបទដំណឹង ដែលឆ្លុះបង្ហាញអំពីកង្វល់ និងដំណោះស្រាយដែលទាក់ទងទៅជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានអាជីព ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីនៃក្រសួង​ព័ត៌មាន និងលោកជំទាវ ឈឹម ពៅសុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជានេះ មានរយៈពេល៣ខែ ដោយមានសិក្ខាកាមចូលរួម​ចំនួន១៥នាក់ មកពី នាយកដ្ឋានព័ត៌មាន ក្នុង និងក្រៅប្រទេស នាយកដ្ឋានផលិតកម្មវិធី និងនាយកដ្ឋានព័ត៌មានផ្សាយទៅ​បរទេស ដែលប្រកួតប្រជែងជាមួយបណ្តាញសារព័ត៌មាននៅក្នុងវិស័យឯកជន៕