ក្រសួងការងារគ្រោងរៀបចំពិព័រណ៍ការងារនៅដើមខែវិច្ឆិកាខាងមុខនេះ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនៅដើមខែវិច្ឆិកាមុខនេះ ដើម្បីផ្សព្វផ្សាយឱកាសការងាររាប់ពាន់កន្លែងជូនដល់សិស្ស និសិ្សត និងបង្កភាពងាយស្រួលដល់ក្រុមហ៊ុន រោងចក្រសហគ្រាសបានស្វែងរកបុគ្គលិកថ្មី។
យោងតាមសេក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ លើកទី៩ នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០១៩ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) និងគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។
ប្រភពបន្ដថា ការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិគឺក្នុងគោលបំណង ដើម្បីបង្កើតជាវេទិកាការងារដ៏ធំនៅមួយកន្លែង ដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារធ្វើ ដើម្បីតាំងបង្ហាញធ្វើការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ។និយោជកអាចផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីទាក់ទាញអ្នកស្វែងរកការងារធ្វើដែលមានសមត្ថភាព។
បន្ថែមពីនេះទៀតអ្នកស្វែងរកការងារធ្វើអាចដាក់ពាក្យ និងសម្ភាសន៍ការងារនៅនឹងកន្លែងផ្ទាល់ព្រមទាំងទទួលបានព័ត៌មានអំពីឱកាសការងារ និងឱកាសក្នុងការអភិវឌ្ឍជំនាញនានា។ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលអាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ ដើម្បីលើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីការបង្កើនផលិតភាពតាមរយៈការបង្ហាញគំនិត បទពិសោធន៍ ជំនាញ បច្ចេកវិទ្យា និងការអនុវត្តល្អសម្រាប់លើកកម្ពស់ផលិតភាព ប្រសិទ្ធភាពក្នុងការងារ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានស្នើអោយ សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណជនចូលរួមក្នុងព្រឹត្តិការណ៍នោះបានផុសផុល ដើម្បីទទួលបានឱកាសការងារភ្លាមៗពីក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា៕