ក្រសួង កសិកម្ម បើកយុទ្ធនាការចាក់ថ្នាំការពារ វ៉ាក់សាំង គោ ក្របី នៅក្នុងភូមិចំនួន២ ក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាងចាន់ថា ខេត្តកំពង់ចាម

ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បើកយុទ្ធនាការចាក់ថ្នាំការពារ វ៉ាក់សាំង គោ ក្របី នៅក្នុងភូមិចំនួន២ក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាកសិករ ខណៈរដូវវស្សាបានឈានមកដល់។
យុទ្ធនាការចាក់ថ្នាំការពារ វ៉ាក់សាំង គោ ក្របី នាព្រឹក ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ បានធ្វើឡើងតាម រយៈ ឯកឧត្ដម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។
ឯកឧត្ដម ឯកឧត្ដម តាន់ ផាន់ណារ៉ា បានលើកឡើងថា ការចាក់ថ្នាំការពារជម្ងឺចំពោះសត្វគោ ក្របី ក្នុងឱកាសនេះ គឺដើម្បីបង្ការជម្ងឺសារទឹក ហើយប្រសិនមានការផ្ទុះជម្ងឺសារទឹកឬបូសខ្យល់ មិនត្រូវនាំវ៉ាក់សាំងមកចាក់ទេ ប៉ុន្តែនាំយកថ្នាំមកព្យាបាលតំបន់ដែលផ្ទុះជម្ងឺ។ ឯកឧត្ដម បន្តថាក្នុងរយ:ពេល១៥ថ្ងៃបន្តទៀតខាងមន្ត្រីជំនាញពសុពេទ្យ នឹងចុះចាក់ថ្នាំការពារ ទប់ស្កាត់ការឆ្លងនូវជម្ងឺអ៊ុតក្តាម នឹងជម្ងឺបូសខ្យល់ គោ ក្របី របស់ប្រជាកសិករ។
ដោយឡែក ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺ គោ ក្របីនេះ គឺមិនមែនធ្វើ តែនៅក្នុងឃុំកោះសំរោងនោះទេ ពោលគឺខាងមន្ត្រីជំនាញនឹងបន្តចាក់ថ្នាំការពារជម្ងឺទាំងអស់នេះនៅតាមមូលដ្ឋានទូទាំងខេត្តកំពង់ចាមថែមទៀត។ ឯកឧត្ដម បានជំរុញ ឲ្យបងប្អូនប្រជា កសិករ ត្រូវប្រុងប្រយត្ន័ខ្ពស់ចំពោះសត្វចិញ្ជឹម ខណៈតំបន់មួយចំនួនត្រូវរងគ្រោះដោយទឹកជំនន់ ហើយប្រសិនបើមានបញ្ហាជម្ងឺអ្វីមួយកើត លើសត្វគោ ក្របី ត្រូវរាយការណ៍ទៅមន្ត្រីជំនាញដើម្បីពិនិត្យនិងព្យាបាលបានទាន់ពេលវេលា៕