ក្រសួងទេសចរណ៍ និងចិនពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកវិទ្យាឌីជីថលដើម្បូីអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានបើកវគ្គបណ្ដុះបណ្ដាល ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជាឆ្ពោះទៅឧស្សាហកម្ម ៤.០ ដើម្បីរួមចំណែកបំពេញតម្រូវធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវចំណេះដឹង ពាក់ព័ន្ធនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថលនេះ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១២-២៦ ខែសីហា។

លោក ហ័ង ឆាងស្យុង ទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណាន នៃប្រទេសចិនមានប្រសាសន៍ថា ការពង្រឹង និងអភិវឌ្ឍន៍ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ គឺជាទស្សនៈមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលចិន ក្នុងនោះការផ្ដល់ជំនួយលើការបណ្តុះបណ្តាល ក៏ជាខ្លឹមសារសំខាន់របស់មន្ទីរពាណិជ្ជកម្មខេត្តហៃណានផងដែរ ដែលស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលចិន។

លោកបានលើកឡើងថា «លក្ខណៈនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ក្នុងបរិបទឧស្សាហកម្ម ៤.០ នឹងត្រូវយកមកបង្រៀនដល់សិក្ខាកាមកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃបណ្តាញទិន្នន័យធំៗ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងពាណិជ្ជកម្មអេឡិចត្រូនិច ដែលជាបច្ចេកវិទ្យាស្នូលក្នុងការគ្រប់គ្រងសេវាកម្មទេសចរណ៍»។

ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលមន្ត្រីទេសចរណ៍នៅពេលនេះ នឹងលើកកម្ពស់ការយល់ដឹងពីជំនាញបច្ចេកវិទ្យាថ្មីៗជាច្រើនបំរើឲ្យវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត។

ឯកឧត្តមបានរំលឹកថា កាលពីឆ្នាំ២០១៨ ភាគីកម្ពុជា-ចិនបានសហការរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍កម្ពុជានៅខេត្តព្រះសីហនុ ម្ដងរួចមកហើយ ដោយមានសិក្ខាកាមចូលរួមចំនួន ៥០នាក់ មកពីស្ថាប័នរដ្ឋ និងឯកជន។

សូមបញ្ជាក់ថា «ភ្ញៀវទេសចរចិន គឺជាទីផ្សារដែលធំជាងគេលេខមួយរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចរចិនចំនួន ២លាននាក់ កើនឡើង ៣៣% ហើយនៅឆ្នាំ២០១៩នេះ យើងរំពឹងថាទេសចរចិននឹងកើនឡើងដល់ ២.៦លាននាក់ និង ៣លាននាក់ នៅឆ្នាំ២០២០៕