កូរ៉េខាងជើងនិយាយថា មេដឹកនាំត្រួតពិនិត្យការបាញ់សាកល្បងអាវុធថ្មី

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ — ប្រទេសកូរ៉េខាងជើងបាននិយាយថា កាលពីថ្ងៃអាទិត្យមេដឹកនាំលោក គីម ជុង-អ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងអាវុធថ្មីចំនួន២គ្រាប់នៅថ្ងៃមុន នឹងបានសំដែងនូវការ​ពេញ​ចិត្ត​យ៉ាងខ្លាំងចំពោះលទ្ធផលនេះ។

កាលពីថ្ងៃសៅរ៍កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន២ គ្រាប់ដែលត្រូវបានគេជឿថា ជា​មីស៊ីលផ្លោង   រយៈចម្ងាយខ្លីពីឆ្នេរភាគខាងកើតរបស់ខ្លួនចូលសមុទ្រខាងកើត ដែលជាការ​បាញ់​លើកទី៥ ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដាមក។

តាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា មីស៊ីលទាំងនេះបានហោះ​ហើរប្រហែល ៤០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមា ៤៨ គីឡូម៉ែត្រ។

ការបាញ់បង្ហោះនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានទទួលលិខិតដ៏ស្រស់ស្អាតមួយទៀតពីលោក គីម។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា បន្ទាប់ពីទទួលបាន​របាយការណ៍ស្តីពីប្រព័ន្ធអាវុធថ្មី លោក គីម បានផ្តល់ការណែនាំដើម្បីធ្វើការសាកល្បង​ភ្លាមៗ​នឹងត្រួតពិនិត្យមើលអាវុធថ្មីនៅទីតាំងបាញ់បង្ហោះ។

វាមិនត្រូវបានគេផ្តល់ព័ត៌មានលំអិតបន្ថែម ថាតើអាវុធប្រភេទនោះជាអ្វីនោះទេគ្រាន់តែ​បញ្ជាក់ថា ការវិភាគលទ្ធផលបាញ់សាកល្បងបានបង្ហាញថា ជាតម្រូវការ និងគុណប្រយោជន៍​នៃប្រព័ន្ធអាវុធថ្មីនៃការរចនាឡើងដែលត្រូវបានឆ្លើយតបយ៉ាងល្អឥតខ្ចោះ។

វាបានបន្ថែមទៀតថា អាវុធថ្មីនេះ ត្រូវបាន« អភិវឌ្ឍន៍ឱ្យត្រូវនឹងស្ថានភាពភូមិសាស្ត្រ​» និងភ្ជាប់មកជាមួយនូវតួអក្សរ « ខុសពីប្រព័ន្ធអាវុធដែលមានស្រាប់ » ។

បន្ទាប់ពីការបាញ់ចុងក្រោយនេះ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Twitter ថា លោក គីម បានប្រាប់គាត់នៅក្នុងលិខិតថ្មីមួយថា លោកចង់បន្តកិច្ចចរចានុយក្លេអ៊ែរ​ឡើងវិញ នៅពេលសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបញ្ចប់ហើយ ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីរបស់វានឹងបញ្ឈប់នៅពេលលំហាត់នឹងបញ្ចប់ដែរ។

សម្ព័ន្ធមិត្តបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាកាលពីសប្តាហ៍មុន ដែលកូរ៉េខាងជើងបានថ្កោលទោសជាយូរមកហើយថា ជាការហាត់សមសម្រាប់ការលុកលុយ៕

( ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល )