ព្រឹទ្ធសភាប្រកាសទទួលស្គាល់សមាជិកថ្មីបីរូប និងបោះឆ្នោតគាំទ្រសមាជិក​ឧ​ត្ត​មក្រុមប្រឹក្សា​អង្គចៅ​​ក្រមអណត្តិថ្មីមួយ​រូប

វិទ្យុជាតិកម្ពុជា៖ដោយលោកចេម ហួត

ភ្នំពេញ៖ ព្រឹទ្ធសភាទទួលស្គាល់សមាជិកថ្មីចំនួន៣រូប និងសមាជិក​ឧ​ត្ត​មក្រុមប្រឹក្សា​អង្គចៅ​​ក្រម អណត្តិថ្មីចំនួនមួយ​រូបដើម្បីជំនួសសមាជិកដែលបានលាលែង និងទទួលមរណៈភាពនាពេលកន្លងមកនេះ។

ការប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន៣រូប និងសមាជិក​ឧ​ត្ត​មក្រុមប្រឹក្សា​អង្គចៅ​​ក្រមអណត្តិថ្មីចំនួនមួយរូបនេះធ្វើឡើងក្នុង​កិច្ចប្រជុំវិសាមញ្ញវិសមញ្ញព្រឹទ្ធសភានាព្រឹកថ្ងៃទី១២ ខែសីហានេះ ក្រោមអធិបតីភាពសម្តេច វិបុល សេនាភក្តីសាយ ឈុំប្រធានព្រឹទ្ធសភា ដោយមានសមាជិកសមាជិកាព្រឹទ្ធសភាចូល​រួមសរុបចំនួន៥៦រូប ។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យ​ព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះថា អង្គប្រជុំបានសម្រេច ទទួលស្គាល់ព្រះអង្គម្ចាស់ នរោត្តម  ប្រី​យ​សោភ័ណ្ណ តាមសំណើព្រះមហាក្សត្រ ជំនួស​សម្តេចព្រះ​រាជ្យ​បុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ដែល​បាន​សុំ​លាឈប់​ពី​សមាជិក​ព្រឹទ្ធសភា​ កូតាមកពីស្ថាប័នព្រះមហាក្សត្រ។

ឯកឧត្តមបានបន្តថា អង្គប្រជុំបានឯកភាពតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានប្រកាសទទួលស្គាល់ ​ឯកឧត្តម ងិ​ល សុង ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ប្រចាំនៅភូមិភាគ៧ខេត្តកំពត កំពង់ស្ពឺ  កំពង់ឆ្នាំងពោធិសាត់ កោះកុង និងខេត្តព្រះសីហនុ ជំនួស​ឯកឧត្តម ឡៅ វិ​សិទ្ធ ដែលទទួលមរណៈភាព និង ទទួលស្គាល់​ឯកឧត្តម ឡៅ ថន ជំនួស​លោកជំទាវ ស៊ឹង ស៊ី​យុ​ត ដែល​ទទួលមរណភាព ជា​សមាជិក​ព្រឹទ្ធសភា នៅ​ភូមិភាគ​ទី​៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តមានជ័យ និងខេត្តប៉ៃលិនផងដែរ។​

«ការប្រកាសទទលស្គាល់សាជិកព្រឹទ្ធសភាថ្មីនេះ ជាតម្រូវការចាំបាច់បំផុតក្នុងការ​បំរើប្រជាជនជាម្ចាស់ឆ្នោតដើម្បីឲ្យសមាជិក​ព្រឹទ្ធសភាទាំងបីរូបនោះទៅបំពេញភារកិច្ចតាមភូមិភាគនីមួយៗ»។

ឯកឧត្តមអ្នកនាំពាក្យព្រឹទ្ធសភា ក៏បាន​បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំវិសាមញ្ញកាលពីព្រឹកមិញនេះដែរ អង្គប្រជុំក៏បានបោះឆ្នោតគាំ​ទ្រសម្រេចឲ្យ ឯកឧត្តម  អ៊ុំ សារិទ្ធក្លាយសមាជិក​ឧ​ត្ត​មក្រុមប្រឹក្សា​អង្គចៅក្រមអណត្តិថ្មីរយៈពេល៥ឆ្នាំ ដោយសំឡេងគាំទ្រ ៥០ លើ៥៦សំឡេង នៃសមាជិកព្រឹទ្ធសភាចូលរួមទាំងមូល​៕