សមត្ថកិច្ចខេត្តកំពង់ចាមបង្ក្រាបករណីជួញដូរគ្រឿងញៀននៅ២កន្លែងផ្សេងគ្នា ដោយបានរឹបអូស វត្ថុតំាងគ្រឿងញៀនបានជាច្រើនកញ្ចប់

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាងចាន់ថា ខេត្តកំពង់ចាម

ភ្នំពេញ៖ សមត្ថកិច្ចខេត្តកំពង់ចាមបង្ក្រាបករណីជួញដូរគ្រឿងញៀននៅ២កន្លែងផ្សេងគ្នាដោយបានរឹបអូសវត្ថុ តំាងនិង គ្រឿងញៀនបានជាច្រើនកញ្ចប់។

យោងតាមរប្រភពពីអាជ្ញាធរខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីថ្ងៃទី០៨សីហា២០១៩ នៅ ស្រុកស្រីសន្ធរ ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យ​ប្រឆាំងគ្រឿង​ញៀនចុះបង្រ្កាបនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៧និង៣០នាទីនៅ ភូមិស្វាយត្បូង ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងសកម្មភាពចុះបង្ក្រាបនោះក្រុមសមត្ថកិច្ចជំនាញបាន បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បាន០១ករណី ហើយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សចំនួន១៣​កញ្ចប់(ធំ០១កញ្ចប់) ម៉ូតូ០៣គ្រឿង ទូរស័ព្ទដៃ០៣គ្រឿង និងថង់វេចខ្ចប់មួយចំនួន។
ប្រភពបន្តថា លុះ​នៅថ្ងៃ​ទី០៩​ខែសីហា២០១៩ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តនិង​មានការឯកភាពពីលោកហួតវុទ្ធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំង​ជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូលនិងកម្លាំងជំនាញអធិការខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបានបន្តឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតឈ្មោះសាម ដាវីន ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការ​នោះសមត្ថកិច្ចបានដកហូតវត្ថុតំាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន៣១កញ្ចប់ និងទូរស័ព្ទ០១គ្រឿង ៕