រាជរដ្ឋាភិបាលគ្មានថ្ងៃលុបថ្ងៃឈប់សម្រាកទិវាជ័យជម្នៈ៧មករាបានឡើយ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖ សម្តេចពិជ័យសេនាបានអៈអាងថា រាជរដ្ឋាភិបាលប្រកាសមិនឲ្យលុបថ្ងៃឈប់សម្រាកទិវាជ័យជម្នៈ៧មករា ខណៈដែលថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរទាំងមូលដើម្បីប្រារព្ធទិវាចងចាំនិងប្រឆាំងរបបខ្មែរក្រហមដ៏សាហាវឃោឃៅកុំឲ្យវិលត្រលប់មកវិញ ។
សម្ដេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មានប្រសាសន៍ថា ទិវាជ័យជម្នៈ៧មករា គឺស្មារតីរំលឹកដល់ប្រជាពលរដ្ឋខ្មែរទំាងអស់ ឲ្យចងចាំ និងរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់កុំអោយរបបខ្មែរក្រហមវិលមកសង្គមកម្ពុជាសារជាថ្មី ខណៈ ដែលរបបនេះសាហាវព្រៃផ្សៃបានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់ជាច្រើនលានអ្នក។
សម្តេចពិជ័យសេនាបានថ្លែងបែបនេះ ក្រោយពិធីទទួលដំណើរមាតុភូមិនិវត្តន៍នៃកងកម្លាំងរក្សាសន្តិភាព របស់កម្ពុជាកាលពីថ្ងៃទី៩ ខែសីហា ដោយបានអៈអាងថា មានជនអគតិមួយចំនួនចង់លុបថ្ងៃឈប់សម្រាក ៧មករាចោល ប៉ុន្តែរាជរដ្ឋាភិបាល មិនអាចលុបថ្ងៃនេះបានទេ ពីព្រោះថ្ងៃ៧មករានេះគឺជាថ្ងៃរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលចាត់ទុកថាជាថ្ងៃកំណើតទី២យ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។
ការលើកឡើងរបស់សម្ដេចពិជ័យនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលថ្ងៃឈប់សម្រាកពិធីបុណ្យជាតិចំនួន៦ថ្ងៃសម្រាប់ឆ្នាំ២០២០ខាងមុខ ហើយការលុបនេះ បានធ្វើឲ្យអង្គការសង្គមស៊ីវិល និងក្រុមជ្រុលនិយមនៅក្រៅច្បាប់មួយចំនួន បានសម្តែងការមិនពេញចិត្តហើយពួកគេបានទាមទារឲ្យលុបថ្ងៃ៧មករាផងដែរ ។
ភ្លាមៗនេះសម្តេចពិជ័យសេនាបានអៈអាងថា រាជរដ្ឋាភិបាលកម្ពុជាគ្មានថ្ងៃលុបទិវាជ័យជម្នៈ៧មករាចេញពីបុណ្យជាតិបានឡើយ ដើម្បីធានាសុខសន្តិភាពនៅកម្ពុជា។
សំឡេង…ការរក្សាទុកថ្ងៃ៧មករានេះគឺជារឿងត្រឹមត្រូវ ព្រោះអីយើងបានកាត់ថ្ងៃឈប់សម្រាកមួយចំនួន ប៉ុន្ដែថ្ងៃ៧មករានេះ គឺនៅតែស្ថិតស្ថេជារាងរហូត ព្រោះអីវាបានអោយតម្លៃធំធេងណាស់សម្រាប់កម្ពុជារបស់យើង ដែលរងគ្រោះមហាវិនាសកម្មក្នុងពេលកន្លងមក ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងចូលនៅក្នុងភ្នំពេញ គឺជាកំណើតទី២របស់យើង។
សម្ដេចសេនាពិជ័យបានបញ្ជាក់ថា កម្ពុជាបានចាត់ទុកថ្ងៃបុណ្យជាតិដែលលុបមិនឲ្យឈប់ សម្រាកនោះ នៅតែជាថ្ងៃមានសារៈសំខាន់សម្រាប់កម្ពុជា ហើយស្នើសុំអោយជនរួមជាតិមេត្តាយោគយល់ ព្រោះការធ្វើដូច្នេះ គឺឆ្លើយតបទៅនឹងការស្នើសុំរបស់ក្រុមវិនិយោគិន៕