ក្រសួងការពារជាតិត្រៀមកម្លាំងរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា

ភ្នំពេញ៖ ក្រសួងការពារជាតិបានត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមក្នុងប្រតិបត្តិជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗអោយបានទាន់ពេលវេលា។
សម្ដេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មានប្រសាសន៍ថា កងកម្លាំងដែលជានាយទាហាន និងកងរាជអាវុធហត្ថ បានត្រៀមមធ្យោបាយសម្ភារគ្រប់បែបយ៉ាងជាប់ជាប្រចាំ ដើម្បីត្រៀមនៅពេលមានហេតុការណ៍កើតឡើងដូចជា គ្រោះទឹកជំនន់ បាក់រលំអគារ និងឧបទ្ទវហេតុ គ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ ដើម្បីអាចឆ្លើយតបឱ្យបានឆាប់រហ័ស និងបានទាន់ពេលវេលា ដែលកាត់បន្ថយផលប៉ៈពាល់ និងអាយុជីវិតប្រជាពលរដ្ឋ។
ក្រោយបញ្ចប់ពិធីទទួលដំណើរមាតុភូមិនិវត្តន៍នៃកងកម្លាំងរក្សាសន្តិភាព របស់កម្ពុជាកាលពីថ្ងៃទី៩ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សម្តេចពិជ័យសេនាថ្លែងថា សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែកត្តាធម្មជាតិ គឺកម្លាំងបានប្រុងប្រៀបនៅតាមតំបន់គោលដៅរៀងៗខ្លួន ដើម្បីបំពេញការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ។
ការត្រៀមកម្លំាងនិងមធ្យោបាយនានាជាមុន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនេះបានធ្វើឡើង ខណៈដែលកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះបានរងផលប៉ៈពាល់ពីបញ្ហា ការប្រែប្រួលអាកាសធាតុ ហើយបង្កអោយមានគ្រោះធម្មជាតិកើតឡើងភ្លាមៗដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀងជាដើម ដោយទាមទារឲ្យមានការយកចិត្តខ្ពស់ក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋ។
សំឡេង…អារឿងនេះ គឺយើងបានត្រៀមរួចហើយ ឥឡូវនេះ ក្រុមការងារ គឺគណៈកម្មការដែលយើងបានរៀបចំទុកជាស្រេច។ជារៀងរហូតមកជាអចិន្ត្រៃយ៍ យើងបានត្រៀមរួចជាស្រេចហើយ កន្លែងណាដែលមានហេតុការណ៍កើតឡើង គឺយើងត្រៀមឱ្យបានឆាប់រហ័ស គ្រប់កម្លាំងរបស់យើងត្រៀមរួចជាស្រេច ជួយកិច្ចការងារនេះមិនដែលមានការខកខាននោះទេ»។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រៀមដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងដោយសារគ្រោះធម្មជាតិនេះ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕