រដ្ឋលេខាធិការក្រសួងអប់រំស្នើឱ្យមន្ត្រីកីឡាគោរពម៉ោងរដ្ឋបាលការងារ ដោយស៊ីប្រាក់ខែរដ្ឋ តែទៅបំពេញការងារកន្លែងផ្សេង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ — រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានស្នើឱ្យមន្ត្រីកីឡានានា ត្រូវគោរពម៉ោងរដ្ឋបាលការងារ ខណៈមន្រ្ដីកីឡាខ្លះស៊ីប្រាក់ខែរដ្ឋ​តែទៅបំពេញការងារកន្លែង​ផ្សេងៗ។ នេះគឺជាការលើកឡើងត្រង់ៗ នៅក្នុងពិធី​សំណេះសំណាលជាមួយមន្ត្រីបុគ្គលិក​អប់រំ​ចំណុះអគ្គនាយកដ្ឋានកីឡា  កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំមជ្ឈ​មណ្ឌល​​ជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងត្រង់ៗ ថា សព្វថ្ងៃនេះមាន​អ្នក​ធ្វើការដោយគ្មានពេលទំនេរ និងមានអ្នកដែលគ្មានរវល់នឹងការងារ ដែលមន្ត្រីមួយចំនួនមិនមកបំពេញការងារ ឬមកដែរតែបំពេញការងារមិនបានដិតដល់ ខ្លះយក ម៉ោងបំពេញការងាររដ្ឋទៅធ្វើការងារកន្លែងផ្សេងៗ។ ឯកឧត្តមសំណូមពរឱ្យគិតគូរឡើងវិញ គឺត្រូវគោរពម៉ោងរដ្ឋបាលការងារ សូមកុំបើកប្រាក់ខែរដ្ឋ តែទៅបំពេញការងារ កន្លែងផ្សេង ដោយទង្វើបែបនេះវាប៉ះពាល់ដល់អារម្មណ៍អ្នកដែលបំពេញការងារពិតប្រាកដ។

ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានកោតសរសើរផងដែរ ចំពោះមន្ត្រីភាគច្រើន ដែលកំពុងបំពេញភារកិច្ចការងារបានល្អ ដើម្បីបង្កើនគុណភាពការងាររបស់មន្ត្រី​ក្រោមឱវាទ ក្រសួងអប់រំ យុវជន និង កីឡា ជាពិសេសគឺកំណែទម្រង់ទាំងការប្រកួតកីឡានានា រួមទាំងការ​បណ្ដុះបណ្ដាលធនធានមនុស្សជាដើម។ ឯកឧត្តមបញ្ជាក់ថា ឆ្នាំ២០១៩នេះមានសហព័ន្ធ កីឡាជាតិជាង៤០ ដែលបានទទួលថវិកាជាតិពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រើប្រាស់ លើការងាររដ្ឋបាល ការប្រកួត និងការបណ្ដុះបណ្ដាលធនធានមនុស្ស។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកីឡាមាននាយកដ្ឋានចំណុះចំនួន៤ គឺនាយកដ្ឋានអប់រំ​កាយ និងកីឡា, នាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត, មជ្ឈមណ្ឌលជាតិ​ហ្វឹកហ្វឺន​កីឡា និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕

ដោយ ហេង ណាលីន