សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាគាំទ្រការកាត់បន្ថយថ្ងៃឈប់សម្រាករបស់រាជរដ្ឋាភិបាលកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោក វ៉ាង ភក្តី៖

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានប្រកាសគាំទ្រការកាត់បន្ថយថ្ងៃឈប់សម្រាករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការសម្រួលដល់បរិយាកាសធុរកិច្ចឲ្យកាន់តែប្រសើរ និងប្រកបដោយភាពប្រកួតប្រជែង។
សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួល បាននៅថ្ងៃទី៩ ខែសីហានេះ បានបញ្ជាក់ថា ការកាត់បន្ថយថ្ងៃឈប់សម្រាកនៅកម្ពុជា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកែលំអបរិយាកាសធុរកិច្ច តាមរយៈការកែទម្រង់រចនាសម្ព័ន្ធដែលជួយកាត់បន្ថយថ្លៃដើមក្នុងការធ្វើជំនួញនៅកម្ពុជា ដោយកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកសាធារណៈឲ្យនៅកម្រិតមួយស្របនឹងគូប្រកួតប្រជែងក្នុងតំបន់ និងជួយបង្កើនភាពប្រកួតប្រជែង និងផលិតភាពរបស់ឧស្សាហកម្មរបស់ប្រទេសកម្ពុជា។
លោក អាណូដ ដាក(Arnaud Darc) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកនេះនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់សេដ្ឋកិច្ចកម្ពុជា ខណៈមានការអំពាវនាវឱ្យមានការគាំទ្រដល់វិធានការនេះសម្រាប់ដំណើរការទៅមុខ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រាប់ប្រតិទិនថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ ដោយកាត់បន្ថយនៅមកត្រឹមចំនួន២២ថ្ងៃ ខណៈឆ្នាំ២០១៩នេះ មានរហូតដល់២៨ថ្ងៃ ដើម្បីជំរុញភាពប្រកួតប្រជែង និងទាក់ទាញបន្ថែមទៀតនូវវិនិយោគទុនជាតិ និងអន្ដរជាតិក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងក្លា។
លោក អាណូដ ដាក បានលើកឡើងថា «យើងសូមគាំទ្រយ៉ាងខ្លាំងចំពោះការកាត់បន្ថយនេះ ដោយសារចំនួនថ្ងៃឈប់សម្រាកសាធារណៈភាគច្រើន បានជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអន្តរជាតិរបស់ប្រទេសកម្ពុជា»៕
វ៉ាង ភក្តី ០៩ ០៨ ២០១៩