ក្រសួងបរិស្ថានជំរុញការលើកកម្ពស់ជីវភាពសហគមន៍ដើម្បីចូលរួមគ្រប់គ្រងធនធានធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ក្រសួងបរិស្ថានជំរុញការលើកកម្ពស់ជីវភាពសហគមន៍ ដើម្បីចូលរួមគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព សំដៅធានាការការពារ និងអភិរក្សតំបន់បេតិកភណ្ឌធម្មជាតិដែលបម្រើដល់វិស័យទេសចរណ៍ និងលំនឹងបរិស្ថាន។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានក្រសួងបរិស្ថាន មានប្រសាដសន៍ថា ការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍នៃតំបន់ការពារធម្មជាតិឲ្យមានការរីកចំរើន នឹងធានាបាននូវការគ្រប់គ្រង និងប្រើប្រាសធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី«ជំរុញការចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព» នាទីស្តីការក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី៨ ខែសីហានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ក្រសួងបានចូលរួមលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈផ្តល់ពូជសត្វ បន្លែ និងបច្ចេកទេស ដល់សហគមន៍ ព្រមទាំងធ្វើការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ចូលរួមការពារធនធានធម្មជាតិ និងកាត់បន្ថយសំពាធលើការប្រើប្រាស់ធនធានធម្មជាតិ។ ឯកឧត្តម ស្នើឲ្យមានការចូលរួមចំណែករបស់សហគមន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិកាន់តែប្រសើរថែមទៀត ដើម្បីការគ្រប់គ្រង និងប្រើប្រាសធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសម្រេចបង្កើតអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពសហគមន៍សំដៅដល់ការធានាបាននូវសន្តិសុខស្បៀង ការអប់រំនិងសុខភាពអនាម័យ ការលើកកម្ពស់ទេសចរណ៍ធម្មជាតិសំដៅការទាក់ទាញឲ្យបាននូវកំណើនទេសចរក្នុងស្រុក បង្កើនចំណូលសហគមន៍ និងលើកកម្ពស់បេតិកភណ្ឌ សំដៅធានាបានការការពារ និងអភិរក្សតំបន់បេតិកភណ្ឌដើម្បីទាក់ទាញទេសចរធម្មជាតិ។
បើតាមការបញ្ជាក់របស់លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននេះ បានសម្រេចការងារជាច្រើនដូចជា ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៨ ដែលមានប្រជាពលរដ្ឋចំនួនជាង៤ម៉ឺន៥ពាន់គ្រួសារ ចូលរួមគ្រប់គ្រង និងការពារធនធានធម្មជាតិ នៅតំបន់ការពារចំនួន២៧កន្លែង ស្មើនឹងផ្ទៃដីសរុបជាង២៨ម៉ឺនហិកតា ក្នុងចំណោមតំបន់ការពារធម្មជាតិសរុប៥៦កន្លែង។
កាលពីម្សិលមិញនេះ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក៏បានបោះឆ្នោតជ្រើសរើសគណៈ កម្មការបណ្តាញសហគមន៍មូលដ្ឋានចំនួន៣៤ សម្រាប់តំបន់ការពារធម្មជាតិ ដែលមានសមាជិកទាំង អស់២១៦រូប ក្នុងនោះមានស្ត្រី២៦រូប និងគណៈកម្មការបណ្តាញសហគមន៍តំបន់ចំនួន៣ សម្រាប់ការពារតំបន់ធម្មជាតិនៅខាងជើង ខាងត្បូងបឹងទន្លេសាប និងខាងកើតទន្លេមេគង្គ៕