ប្រជាពលរដ្ឋចំនួន៥០០គ្រួសារនៅខេត្តរតនគីរី ដែលកំពុងរងគ្រោះដោយទឹកជំនន់ ទទួលបានការអន្តរាគមន៍ជួយសង្ក្រោះ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ផន វាសនា និង លោក ចន ណារិទ្ធ៖

ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានដឹកនាំកម្លាំងប្រតិបត្តិការដោយផ្ទាល់តាមឧត្ថម្ភាគចក្រចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង ដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសារដែលបានកំពុងលិចលង់ដោយសារទឹកជំនន់នៅខេត្តរតនគិរី នៅថ្ងៃទី៩ ខែសីហា នេះ។ ឯកឧត្តម បញ្ជាក់ថា ទីណាមានគ្រោះមហន្តរាយ ឯកឧត្តមនឹងទៅ ដល់ទីនោះ ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបប្រទះនឹងបញ្ហា។ជាមួយគ្នានេះ ឯកឧត្តម ក៏បាននាំយកនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់កាកបាទក្រហម ចំនួន២យន្តហោះ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះផងដែរ។
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារនេះ គឺជាជំនន់ទឹកភ្លៀង បានកើតឡើងកាលពីយល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅស្រុកលំផាត់ ខេត្តរតនគីរី។