វៀតណាម និងហ្វីលីពីនរៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩​ — កិច្ចពិភាក្សាគោលនយោបាយការពារជាតិលើកទី៤ រវាងវៀតណាម និងហ្វីលីពីន បានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើនភាពជាដៃគូការពារជាតិទ្វេភាគី។

ព្រឹត្តិការណ៍នេះសហដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោកនាយឧត្តមសេនីយ៍ Nguyen Chi Vinh និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិហ្វីលីពីន លោក Cardozo M.Luna។

នៅក្នុងឱកាសនោះ លោក Vinh ក៏បានជួបពិភាក្សាជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិហ្វីលី-     ពីន លោក Delfin N. Lorenzana ទីប្រឹក្សាសន្តិសុខជាតិ លោក Hermogenes Esperon Jr និងនាយកប្រតិបត្តិនៃក្រុមខុទ្ទកាល័យស្តីពីសន្តិសុខ យុត្តិធម៌ និងសន្តិភាព នៃការិយាល័យប្រធានាធិបតីហ្វីលីពីន លោក Emmanuel T. Bautista ផងដែរ។

នៅក្នុងកិច្ចសន្ទនា និងកិច្ចប្រជុំនេះ បណ្តាមន្ត្រីហ្វីលីពីនបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូការពារជាតិវៀតណាមដោយបាននិយាយថា កិច្ចសហប្រតិបត្តិការការពារជាតិរបស់ប្រទេសទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។

ពួកគេបានអះអាងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម នឹងផ្តល់អាទិភាពដល់វិស័យការពារជាតិ ពីព្រោះប្រទេសទាំងពីរអាចចែករំលែកផលប្រយោជន៍ និងបញ្ហាប្រឈមជាច្រើនទាក់ទងនឹងយុទ្ធសាស្ត្រ។

ភាគីហ្វីលីពីនបានថ្លែងអំណរគុណដល់វៀតណាមដែលបានជួយឧបត្ថម្ភ នឹងជួយសង្គ្រោះអ្នកនេសាទហ្វីលីពីនដែលកំពុងមានបញ្ហានៅសមុទ្រ។

ចំណែកភាគីវៀតណាមវិញ លោក Vinh បានអះអាងថា វៀតណាមសង្ឃឹមថា នឹងបង្កើនទំនាក់ទំនងការពារជាតិជាមួយហ្វីលីពីនដោយឈរលើមូលដ្ឋានគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេស ដោយរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងយោធាក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ដូចជាទំនាក់ទំនងការពារជាតិរវាងវៀតណាម និងហ្វីលីពីន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)