ឧបនាយករដ្ឋមន្រ្តីវៀតណាមចូលរួមពិធីខួបលើកទី៥២  របស់អាស៊ាននៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានចូលរួមពិធីអបអរសាទរខួបលើកទី៥២ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នោះ មុនពេលចាកចេញទៅធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

មានវត្តមាននៅក្នុងពិធីនោះដែរ រួមមានអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បណ្តារដ្ឋមន្រ្តីក្រសួងការបរទេសនៃរដ្ឋសមាជិកអាស៊ាន ឯកអគ្គរដ្ឋទូត និងប្រមុខដឹកនាំគណៈប្រតិភូអចិន្រ្តៃយ៍ប្រចាំអាស៊ាន ព្រមទាំងតំណាងស្ថាប័នការទូតនៅឥណ្ឌូណេស៊ីផងដែរ។

នៅក្នុងឱកាសនោះ លេខាធិការដ្ឋានអាស៊ានបានសម្ពោធអគារថ្មី ដែលត្រូវបានសាងសង់នៅជាប់អគារលេខាធិការដ្ឋានអាស៊ាននាពេលបច្ចុប្បន្ន ដោយប្រើប្រាស់បច្ចេកវិទ្យា និងស្ថាបត្យកម្មការពារបរិស្ថាន ដោយមានការរួមបញ្ចូលគ្នានៃវប្បធម៌របស់សមាជិកអាស៊ានទាំងអស់។

អាស៊ានត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃដោយប្រទេសចំនួន៥ រួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង ថៃ។ ប្រទេសប្រ៊ុយណេបានចូលរួមនៅក្នុងអាស៊ាននៅក្នុងឆ្នាំ១៩៨៤ ប្រទេសវៀតណាមនៅក្នុងឆ្នាំ១៩៩៥ ប្រទេសឡាវ និង មីយ៉ាន់ម៉ា នៅក្នុងឆ្នាំ ១៩៩៧ និងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៩ ។

ដោយបានក្លាយជាសហគមន៍អាស៊ានជាផ្លូវការកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ក្រុមប្រទេសនេះកំពុងបន្តអនុវត្តន៍ការតម្រង់ទិស និងគំនិតផ្តួចផ្តើមដើម្បីអភិវឌ្ឍន៍អាស៊ានដែលពឹងផ្អែកលើខ្លួនឯង ការច្នៃប្រឌិត និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របពេលដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងក្នុងពិភពលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)