ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋតំបន់ឆ្នេរបង្កើនការប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង ក្នុងរយៈពេលមួយសប្តាហ៍នេះ

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩៖

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋនៅតំបន់ឆ្នេរបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំនន់ទឹកភ្លៀង ក្នុងរយៈពេលមួយសប្តាហ៍នេះ ដើម្បីត្រៀមបង្កាកុំអោយ មានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុដែលបណ្តាលមកពីគ្រោះធម្មជាតិនេះ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បណ្តាខេត្តមួយចំនួននៅតំបន់ឆ្នេរក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្ត ព្រះសីហនុ រួមទំាងបណ្តាខេត្តមួយចំនួនទៀតនៅមានខាងកើតជាប់នឹងព្រំប្រទល់ប្រទេសវៀតណាមនឹងបន្តកើតមានជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ដែលទាមទារអោយប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្ន។ ក្រសួងបានអៈអាងថា ការបង្ករឲ្យមានជំនន់ទឹកភ្លៀងកើតឡើងនៅតាមបណ្តា ខេត្តមួយចំនួននេះ ដោយសារឥទ្ធិពលជ្រលងសម្ពាធទាបនៅតែបន្តអូសបន្លាយ ឡើងទៅលើកាត់ភាគខាងជើងឡាវនិងវៀតណាមហើយខ្យល់មូសុងនិរតីនៅតែបន្តមានឥទ្ធិពលខ្លាំងមកលើតំបន់មាត់សមុទ្រប្រទេសកម្ពុជា។
សេចក្តីជូនដំណឹងបានឲ្យដឹងថា ស្ថានភាពបែបនេះ បានបង្កឲ្យមានភ្លៀងធ្លាក់ រាយប៉ាយពេញផ្ទៃប្រទេសដូចជា ៖ ខេត្តដែលនៅតំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន ចំណែកលើផ្ទៃសមុទ្រនិងអាចមានភ្លៀងធ្លាក់ខ្យល់ខ្លាំងនិងរលកបោកបក់ខ្ពស់ ដែលបងប្អួនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ។
ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរី មានភ្លៀងធ្លាក់ក្នុងកម្រិត ពីមធ្យមទៅបង្គួរ ។
ខេត្តព្រះវិហារ សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបរិមាណតិចទៅបង្គួរ ។
ខេត្តកំពង់ស្ពឺ តាកែវ កណ្ដាល និងរាជធានីភ្នំពេញ នឹងបន្តធ្លាក់ភ្លៀងក្នុងកម្រិត ពីតិចទៅមធ្យម នឹងធ្វើឲ្យមាន បាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់បន្ត កើតមានផងដែរ ៕