ឯកឧត្តម ហ៊ុន ម៉ាណែត ជំរុញឲ្យមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុថ្មី ខិតខំបំពេញការងារឲ្យកាន់តែសកម្ម ដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន

ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធ ពលខេមរភូមិន្ទ ណែនាំដល់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុថ្មី បន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ មាតុភូមិ ពិសេសធ្វើយ៉ាងណាធានាឲ្យបាននិរន្តរភាពនៃការរីកចម្រើនរបស់អង្គភាព ជាមូលដ្ឋានសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។
ការណែនាំរបស់ឯកឧត្តម ធ្វើឡើងក្នុងពិធីប្រកាសតែងតាំង លោកវរសេនីយ៍ឯក នូវ សំអុល ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែសីហា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា សុខភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ សីលធម៌ ការតស៊ូអំណត់ព្យាយាម និងការទទួលខុសត្រូវ ក្នុងការធានាបាននូវសាមគ្គីភាព ឯកភាពជាតិបានល្អ គឺជាគោលការណ៍របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំបន្តវេន្ត។ដូច្នេះ ការតែងតាំងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុនេះ ប្រកបដោយយុត្ដិធម៌ តម្លាភាព ផ្ដល់ដល់អ្នកដែលបានខិតខំបំពេញការងារបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ឯកឧត្តម បន្ថែមថា ខេត្តព្រះសីហនុ ជាខេត្តមួយមានសក្តានុពលក្នុងការវិនិយោគ អភិវឌ្ឍន៍រីកចម្រើន ទាមទារឲ្យកងកម្លាំងប្រដាប់អាវុធរបស់យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការត្រៀមជួយដល់ប្រជាពលរដ្ឋ ដូច្នេះសំខាន់ទៅលើឆន្ទៈក្នុងការដឹកនាំ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការផ្ដាំផ្ញើដល់នាយ នាយរង និងពលទាហាន គោរពនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីលក្ខន្តិកៈនៃកងយុទ្ធ ពលខេមរៈភូមិន្ទ និងច្បាប់លិខិតបទដ្ឋានគតិយុត្តនានា រក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា៕