ក្រុងព្រះសីហនុកំពុងទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ខណៈពុំដែលបានជួបប្រទះជាង១០ឆ្នាំកន្លងមក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន និងលោក ចន ណារិទ្ធ (រូបថតេដ្ឋបាលខេត្តព្រះសីហនុ)

ក្រុងព្រះសីហនុនៅពេលនេះកំពុងទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ខណៈពុំដែលបានជួបប្រទះជាង១០ឆ្នាំកន្លងមកនេះ។
ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានប្រាប់វិទ្យុជាតិកម្ពុជា ឲ្យដឹងនៅមុននេះបន្តិចថា ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៨ខែសីហា ដល់ម៉ោង៧ព្រឹកថ្ងៃទី៩ ខេសីហានេះ ក្រុងព្រះសីហនុទទួលរងការគំរាមកំហែងជំនន់ទឹកភ្លៀងយ៉ាងខ្លំាង ដោយសារ កំរិតទឹកភ្លៀងមានកម្ពស់រហូតដល់២៧២ មីលីម៉ែត្រ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះបានធ្វើឲ្យតំបន់មួយចំនួននៅក្នុងក្រុងព្រះសីហនុបានគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនមួយចំនួន ។
ក្នុងពេលភ្លៀងកំពុងធ្លាក់ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងក្រុងការងារជំនាញ បានចុះទៅពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រលាយលូ និងកាយបើកគម្របលូ កាយសំរាមនៅមាត់លូ ដើម្បីបើកផ្លូវទឹកឲ្យហូរបានលឿន។
សូមបញ្ជាក់ថា ធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជនលិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ៕