អគ្គិភ័យឆេះផ្សារសាមគ្គីត្រពាំងរពៅបំផ្លាញទ្រព្យសម្បត្តិតម្លៃប្រមាណពីរលានដុល្លារ

វិទ្យុជាតិកម្ពុជា

អគ្គិភ័យបានឆាបឆេះផ្សារសាមគ្គីត្រពាំងរពៅ ក្នុងខេត្តកំពត ដោយបំផ្លាញទំនិញ និងតូបលក់ដូររបស់អាជីវករជិត១៦០គ្រួសារមានតម្លៃប្រមាណពីរលានដុល្លារ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងវេលាម៉ោង៧ និង១០នាទី កាលពីយប់ថ្ងៃទី៧ ខែសីហា ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ដែលជាតំបន់ព្រំប្រទល់រវាងខេត្តកំពត និងខេត្តព្រះសីហនុ។
លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៧ និង១០នាទី យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្របពេលគ្រួសារភាគច្រើនស្ថិតនៅភូមិត្រពាំងរពៅកំពុងពិសាបាយ ស្រាប់តែមាន ការភ្ញាក់ផ្អើលព្រោះឃើញភ្លើងឆេះសន្ធោសន្ធៅក្នុងចំណុចផ្សារសាមគ្គីត្រពាំងរពៅដែលអាជីវករជួលដីកម្មសិទ្ធិឯកជនហើយសង់តូបលក់ដូររៀងៗខ្លួន។
លោក បានបញ្ជាក់ថា មហន្តរាយនេះបានបណ្តាលឱ្យអាជីវករ១៥៦គ្រួសារជាម្ចាស់តូបខាតបង់សរុបប្រមាណពីរលានដុល្លារគិតទាំងទំនិញ និងតូបដែលសាងសង់ ដោយខ្លួនឯងនោះ។
លោកបន្តថា រថយន្តពន្លត់អគ្គីភ័យប្រាំគ្រឿងបានមកអន្តរាគមន៍ដោយបីគ្រឿងជារបស់ស្នងការដ្ឋាននគរបាលខេត្តកំពត និងពីរគ្រឿងទៀតមកពីអធិការដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ការពន្លត់អគ្គីភ័យបានសម្រេចរួចរាល់នៅម៉ោងប្រហែល ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ក្រោមកិច្ចសហការពីកម្លាំងចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពតបន្ទាប់ពីប្រើប្រាស់ទឹកអស់ចំនួន៣៥ស៊ីទែន។ ប៉ុន្តែតូបចំនួន១៥៦ ក្នុងចំណោមតូប១៨៧ខ្នងដែលមាននៅក្នុងបរិវេណផ្សារបានរងការខូចខាតទាំងស្រុង៕