រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋមានដីកាន់នៅជុំវិញបឹងសំរោងឆាប់ចូលខ្លួនដោះស្រាយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ យី វិច្ឆិកា

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋមានដីកាន់នៅជុំវិញបឹងសំរោងទាំងអស់ ឆាប់ចូលខ្លួនដោះស្រាយ មុនពេលអាជ្ញាធរចូលទៅស្ថាបនាផ្លូវថ្មើរជើង និងសួនច្បារសាធារណៈដើម្បីកែលម្អសោភ័ណ​ភាពនៅតំបន់​នោះឲ្យមានលក្ខណៈល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋសម្រាកលំហែកាយ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រជាពល រដ្ឋ ដែលមានការពាក់ព័ន្ធ នឹងការកាន់កាប់ដីនៅលើផ្ទៃបឹងសំរោងទាំងអស់ ត្រូវរួសរាន់ចូលរួមសហការឲ្យទាន់ពេលវេលា ចៀសវាងផុតថ្ងៃ ឱសានវាទ រដ្ឋបាលរាជធានីភ្នំពេញ មិនសម្របសម្រួល ឫដោះស្រាយសំណូមពរណាមួយ ឡើយ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងកំណត់ព្រំផ្ទៃបឹងសំរោង ស្ថិតនៅសង្កាត់សំរោង និង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីដោះស្រាយគោលនយោបាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដើម្បីឈានទៅស្ថាបនាផ្លូវថ្មើរជើង និងសួនច្បារសាធារណៈ នៅជុំវិញបឹង ឲ្យមានលក្ខណៈល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋសម្រាកលំហែកាយ ។

សេចក្តីជូនដំណឹង បានលើកឡើងថា «ដើម្បីឲ្យការស្ថាបនាផ្លូវថ្មើរជើង និងសួនសាធារណៈនៅជុំវិញបឹងសំរោង ដំណើរការដោយរលូន និងឆាប់រហ័ស សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលកាន់កាប់ដីនៅលើផ្ទៃបឹងសំរោងទាំងអស់ យកឯកសារពាក់ព័ន្ធមកបង្ហាញនៅទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្សនៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យ វាយតម្លៃ ព្រមទាំងចុះវាស់វែងលើទីតាំងកាន់កាប់បឹងសំរោង ក្នុងការដោះស្រាយគោលនយោបាយជូន »៕