ក្រសួងសាធារណការបង្កើតក្រុមការងារពិសេសចុះត្រួតពិនិត្យការដ្ឋានផ្លូវដោយគ្មានការប្រាប់ជាមុន

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ ក្រសួងសាធារណការសម្រេចបង្កើតក្រុមការងារពិសេសចុះត្រួតពិនិត្យការដ្ឋានផ្លូវដោយគ្មានការប្រាប់ជាមុន ដើម្បីធានាការវាយតម្លៃគុណភាពផ្លូវអោយមានលក្ខណៈសុក្រឹត្យ ដោយ គ្មានការរៀបចំជាមុនពីម្ចាស់គម្រោង។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចសន្យាប្រកបដោយគុណភាព ប្រសិទ្ធភាព និងបច្ចេសទេសនៃការសាងសង់ផ្លូវនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រុមការងារត្រួតពិនិត្យបច្ចេកទេសរបស់ក្រសួង នឹងទៅឃ្លាំមើលពីលើអ្នកត្រួតពិនិត្យបច្ចេកទេសបរទេស និងម្ចាស់គម្រោង ដើម្បីវាយតម្លៃដោយផ្ទាល់ពីការងារស្ថាបនាផ្លូវ និងការប្រើប្រាស់គ្រឿងសម្ភារជាក់ស្តែង ។

ក្រសួងសាធារណការសម្រេចបង្កើតក្រុមការងារចុះត្រួតពិនិត្យផ្លូវដោយគ្មានការប្រាប់ជាមុននេះបន្ទាប់ពីសង្កេតឃើញមានក្រុមការងារត្រួតពិនិត្យ ផ្លូវ-ថ្នល់ មួយចំនួនមិនបានយកចិត្តទុកទៅលើបញ្ហាផ្លូវថ្នល់ ពិសេសមានការលួចបន្លំឃុបឃិតពីគុណភាពផ្លូវថ្នល់ ។

ឯកឧត្តម បន្តថា ក្រុមការងារត្រួតពិនិត្យបច្ចេកទេសនេះ បែងចែកចេញជា២ក្រុម មួយក្រុមមានគ្នា៥នាក់ ដើម្បីចុះត្រួតពិនិត្យនៅកន្លែងការងារទាំងនោះ ដើម្បីធ្វើយ៉ាងណាឲ្យផ្លូវនៅកម្ពុជាមានគុណភាពល្អ នឹងជាប់បានយូរ ។

សំឡេង ៖ ក្រសួងសាធារណៈការដឹកជញ្ជូននិងបង្កើតក្រុមត្រួតពិនិត្យពិសេស ដោយគ្មានប្រាប់មុនទេ ក្រុមត្រួតពិនិត្យនេះនឹងទៅឆ្មក់ទៅលើអ្នកត្រួតពិនិត្យបច្ចេកទេស បរទេស និងអ្នកត្រួតពិនិត្យបច្ចេកទេសរបស់ក្រសួងថែមទៀត ឆ្មក់អត់ប្រាប់មុនទេតើធ្វើការត្រឹមត្រូវឬមិនត្រឹមត្រូវហើយក្រុមពិសេសនេះនឹងមានគ្រឿងសំភារៈគ្រប់គ្រាន់ ដើម្បីចុះទៅរាយការណ៍ នេះហើយជាការពង្រឹងយើងដឹកនាំដោយក្រសួងដឹកជញ្ជូន នឹកគិតរហូតអំពីនីតិវិធីនៃការតាមដានការសាងសង់ផ្លូវនិងការជួសជុលថែទាំផ្លូវនេះឲ្យមានប្រសិទ្ធភាពឲ្យមានគុណភាព។
ឯកឧត្តម បានបញ្ចាក់ថា កន្លងមកក្រសួងបានរកឃើញផ្លូវមួយចំនួនខូចគុណភាពដោយបានឲ្យក្រុមហ៊ុនសាងសង់ផ្លូវ ជួសជុលឡើងវិញមានដូចជា ៖ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ២១ បន្ថែមពីនេះទៀតមិនអនុញ្ញាត ឲ្យមានការសាងសង់ផ្លូវខុសលក្ខណៈបច្ចេកទេសទៀតឡើយ ។

សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងសាធារណការបានព្រមានដល់ក្រុមហ៊ុនស្ថាបនាផ្លូវទំាងអស់បើរកឃើញថាសាងសង់ផ្លូវគ្មានគុណភាព ខុសបទដ្ឋានបច្ចេកទេសនៃគោលការណ៍ដេញថ្លៃនឹងត្រូវលុបក្រុមហ៊ុននោះមិនអោយដាក់ដេញថ្លៃសាងសង់នៅពេលក្រោយៗទៀតឡើយ៕