សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាត់ទុករបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្ស ស្តីពីស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ថា មិនត្រឹមត្រូវ និងយកជាការបាន

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី

ភ្នំពេញ: សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាត់ទុករបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្ស ថា ជាការ បង្ខូចកេរ្តិ៍ឈ្មោះ​របស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខណៈវិស័យមួយនេះកំពុងជួយឲ្យជីវភាពរបស់ប្រជាជន និងសុខភាពរបស់សហគ្រាស​ខ្នាតតូច និងមធ្យម កាន់តែមានភាពរីកចម្រើនឡើង។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលតំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងត្រូវបានទទួលស្គាល់នៅកម្ពុជា បានប្រតិកម្មទៅនឹង​របាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាពមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងការផ្តល់កម្ចីដល់ប្រជាពលរដ្ឋ ដែលចេញផ្សាយដោយអង្គការ​សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ និងសមាគមធាងត្នោត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដោយចាត់ទុកថា របាយការណ៍ស្រាវជ្រាវនេះ មិនបង្ហាញពីស្ថានភាពជាក់ស្តែងរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ ដោយរបាយការណ៍​នេះផ្តោតតែទៅលើគុណវិបត្តិដើម្បីបង្កើតឲ្យមានរូបភាពជាអវិជ្ជមានទៅលើការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែប៉ុណ្ណោះ។

លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ការស្រាវជ្រាវនេះមិនត្រូវបានចាត់ទុកថា​ជាតួលេខ​តំណាងឲ្យកម្ពុជា ឬអតិថិជនទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះឡើយ ដោយសារតែការស្រាវជ្រាវ​តែមួយផ្នែករបស់​អង្គភាពទាំងពីរនេះ បានជ្រើសរើសយកគំរូមកសិក្សាត្រឹមតែ២៨ករណីប៉ុណ្ណោះ ក្នុងចំណោមអ្នកខ្ចីប្រាក់ច្រើនជាង២លាននាក់ ដែលនេះជាការបង្ហាញពីរូបភាពមិនត្រឹមត្រូវមួយ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតទៅលើកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែល​បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។

យោងតាមរបាយការណ៍របស់អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ និងសមាគមធាងត្នោត មានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ» បានបង្ហាញថា ការបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជាដោយសារការផ្តល់កម្ចីរបស់គ្រឹះស្ថានក្រូហិរញ្ញវត្ថុនៅកម្ពុជាភាគច្រើនតែងតែមានទ្រព្យធានាជាប្លង់កម្មសិទ្ធិដីធ្លី ដែលជាសរុបមានប្លង់ជិត១លានប្លង់ ត្រូវបានដាក់ជាទ្រព្យបញ្ចាំ ខណៈប្លង់ដីទាំងនោះជាទ្រព្យមួយដ៏សំខាន់សម្រាប់ពលរដ្ឋកម្ពុជានៅជនបទ ជាពិសេសក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះជាច្រើន។ កំណើននៃបំណុលរបស់ប្រជាពលរដ្ឋក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានបណ្តាលឲ្យកើតមានការរំលោភបំពានសិទ្ធិមនុស្ស ការបង្ខំឲ្យលក់ដី ការកេងប្រវ័ញ្ចកំលាំងពលកម្មកុមារ ការធ្វើចំណាកស្រុក និងការបញ្ចាំខ្លួនដើម្បីដោះបំណុល។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលស្គាល់ថា អត្រានៃបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប បានកើនឡើងក្នុងរយៈពេល៣ទៅ៤ឆ្នាំចុងក្រោយនេះ ខណៈអត្រានៃការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានទទួលប្រាក់បញ្ញើហិរញ្ញវត្ថុបានកើនឡើង៣៩ភាគរយ ស្របពេលដែលអត្រាកម្ចីបានកើនឡើងត្រឹមតែ៣២ភាគរយ ប៉ុណ្ណោះក្នុងឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កម្ចីមីក្រូហិរញ្ញវត្ថុភាគច្រើនសម្រាប់បុគ្គល​ឯកជននីមួយៗ​មានចំនួនទឹកប្រាក់ក្រោម១ពាន់ដុល្លារអាមេរិក និងជាឥណទានដែលគ្មានដាក់ទ្រព្យធានា ដើម្បីទទួលបានប្រាក់​កម្ចីនោះឡើយ៕