លោក Trum p និយាយថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ស្តីពីការបង់ប្រាក់ការពារចាប់ផ្តើមហើយ

AKPភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបានសរសេរនៅក្នុងបណ្តាញ Sweeter កាលពីថ្ងៃពុធថា កិច្ចចរចាដើម្បីធ្វើឱ្យកូរ៉េខាងត្បូងបង្កើនការចូលរួមចំណែក​ដល់ការ​ថែរក្សាកម្លាំងរបស់ សហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះបានចាប់ផ្តើមហើយ។

លោក Trump បានសរសេរនៅក្នុង Tweet មួយថា កូរ៉េខាងត្បួងជាប្រទេសដែលមាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភណាស់ ដែលឥឡូវ​មាន​អារម្មណ៍​​ថា ត្រូវចូលរួមចំណែកក្នុងវិស័យ​ការ​ពារ​ជាតិ​ដែលផ្តល់ដោយ សហរដ្ឋអាមេរិក។ ទំនាក់​​ទំនងរវាងប្រទេសទាំងពីរ គឺល្អណាស់!។

លោកបានបន្ថែមថា កូរ៉េខាងត្បូងបានយល់ព្រមចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់​ដល់​សហរដ្ឋ អាមេរិក ដើម្បីការពារខ្លួនពីប្រទេសកូរ៉េខាងជើង។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍​កន្លងមកនេះ សហរដ្ឋ អាមេរិកបានទទួលប្រាក់តិចតួចណាស់ពីកូរ៉េខាងត្បូង ប៉ុន្តែកាលពី​ឆ្នាំ​មុនតាមសំណើរបស់ប្រធានាធិបតី Trump កូរ៉េខាងត្បូងបានចំណាយ ៩៩០,០០០,០០០ ដុល្លារ​អាមេរិក។

ការកត់សម្គាល់របស់លោក Trump បានធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់​រដ្ឋមន្រ្តី​ក្រសួងការពារជាតិអាម៉េរិកលោក Mark Esper ទៅកាន់ទីក្រុងសេអ៊ូលនាថ្ងៃសុក្រ​ខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហាសម្ព័ន្ធភាព ដែលមិនទាន់សម្រេច រួមទាំងការទាមទាររបស់ទីក្រុងវ៉ាស៊ីន​តោន ឱ្យទីក្រុងសេអ៊ូលបង្កើនការចូលរួមចំណែកក្នុងការចំណាយដល់កងទាហាន​សហរដ្ឋអាមេរិក។
ភ្លាមៗបន្ទាប់ពីបណ្តាញធ្វីតធ័ររបស់លោក Trump ក្រសួងការបរទេសនៃទីក្រុង​សេអ៊ូល​បាន​និយាយថា កិច្ចរចាជាផ្លូវការលើកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ដែលជា​កិច្ចព្រមព្រៀងទ្វេភាគី ដើម្បីដោះស្រាយចែករំលែកថ្លៃដើមសម្រាប់ការដាក់ពង្រាយកង​កម្លាំង​ចំនួន ២៨.៥០០ នាក់របស់សហរដ្ឋអាមេរិកនៅកូរ៉េខាង នៅមិនទាន់ចាប់ផ្តើមនៅឡើយទេ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមិនសមរម្យទេក្នុងការធ្វើ​អត្ថា​ធិប្បាយ​លើការកត់សម្គាល់លើបណ្តាញសង្គមរបស់ប្រមុខរដ្ឋបរទេសនេះ។ កិច្ចចរចា SMA លើក​ទី១១ មិនទាន់ត្រូវបានចាប់ផ្តើមជាផ្លូវការនៅឡើយទេដែរ។

ក្រសួងក៏បានចង្អុលបង្ហាញថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានយល់ព្រមធ្វើកិច្ច​ពិភាក្សាស្តីពី SMA ថ្មីតាមមធ្យោបាយដ៏សមហេតុផល និងយុត្តិធម៌មួយ ​នៅពេលដែល​ទីប្រឹក្សា​សន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន ធ្លាប់បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល​កាលពីខែមុន។
ក្រសួងបាននិយាយថា ភាគីទាំងពីរ គ្រោងនឹងពិភាក្សាអំពីព័ត៌មានលម្អិតជាក់លាក់នៃ​ការចែករំលែកថ្លៃដើមនេះ នៅក្នុងកិច្ចចរចា SMA លើកទី១១។

សម្ព័ន្ធមិត្តត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សា SMA លើកទី១១ នៅប៉ុន្មានខែខាងមុខ​នេះ ​ព្រោះកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំបច្ចុប្បន្ននឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ។
នៅក្រោម SMA លើកទី១០ ដែលបានធ្វើឡើងកាលពីខែកុម្ភៈ ទីក្រុងសេអ៊ូលបានយល់​ព្រម​ចំណាយ ១,០៤ទ្រីលានវ៉ុន (ស្មើនឹង៨៧៩ លានដុល្លារអាម៉េរិក) នៅឆ្នាំនេះ​ដែលកើន​ឡើង ៨,២ ភាគរយពី ៩៦០ ប៊ីលានវ៉ុន កាលពីឆ្នាំមុន៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)