អ្នកជំនាញ៖ ប្រទេសចិនអាចជម្នះសម្ពាធអតិបរិមារបស់សហរដ្ឋអាមេរិក ​ជាមួយនឹងកំណើនសេដ្ឋកិច្ចថេរ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — អ្នកជំនាញបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនអាចទប់ទល់នឹងសម្ពាធអតិបរិមា ដែលបានដាក់ដោយសហរដ្ឋអាមេរិកជាមួយនឹងកំណើនសេដ្ឋកិច្ចមានស្ថិរភាព។

លោក Wang Yiming អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍ នៃក្រុមប្រឹក្សារដ្ឋ​បាននិយាយនៅឯសន្និសីទមួយ ដែលធ្វើឡើងដោយបណ្ឌិតសភាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច​ចិនថា ការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធបន្ថែមថ្មីនឹង​មិនត្រឹមតែ​ធ្វើឱ្យប៉ះ​ពាល់​ដល់ចំណាប់អារម្មណ៍របស់អតិថិជនអាម៉េរិក នឹងធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិក​ធ្លាក់ចុះ​នោះទេ ប៉ុន្តែនឹងនាំមកនូវអស្ថិរភាពថ្មី ដល់បរិយាកាសសេដ្ឋកិច្ចពិភពលោក។

លោក វ៉ាង បានមានប្រសាសន៍ថា នៅទីបំផុតវានឹងក្លាយជាអតិថិជនអាម៉េរិក​ដែល​បង់​ថ្លៃ។ការដំឡើងពន្ធថ្មី ដែលបានស្នើឡើងនឹងរារាំងការប្រើប្រាស់របស់សហរដ្ឋអាមេរិក ​ប៉ះ​ពាល់​ដល់ការងារនៅក្នុងឧស្សាហកម្មលក់រាយ នឹងបង្កើនសម្ពាធធ្លាក់ចុះលើសេដ្ឋកិច្ចអាម៉េរិក។

ដោយមានទស្សនៈប្រហាក់ប្រហែលគ្នាដែរលោក Zhao Jinping អ្នកស្រាវជ្រាវមកពី​មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍នៃក្រុមប្រឹក្សារដ្ឋបាននិយាយថា សម្ពាធអតិបរិមារបស់​សហរដ្ឋអាមេរិកនឹងរារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក នឹងប្រឆាំងនិងនិន្នាការនៃសម័យ​កាល។

អ្នកជំនាញនៅសន្និសីទនេះជឿជាក់ថា ការកើនឡើងនៃការកកស្ទះពាណិជ្ជកម្មរបស់​សហរដ្ឋអាមេរិក​នឹងមិនបញ្ឈប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចរបស់​ចិនទេ។

លោក Guo Chunli នាយករងនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច ដែលមានទំនាក់ទំនង​ជាមួយបណ្ឌិតសភាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចចិនបានមានប្រសាសន៍ថា ប្រទេសចិនមាន​សន្ទុះ​កំណើនខ្លាំង ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន ដែល​នឹង​ប្រឆាំងនិងផលប៉ះពាល់នៃការកកស្ទះពាណិជ្ជកម្មនេះ។

លោក ហ្គូ បានបន្ថែមថា ម៉ាស៊ីនលូតលាស់ថ្មីៗជាច្រើនបានជំរុញកម្លាំងដល់​កិច្ចអភិវឌ្ឍន៍​ដែលមានគុណភាពខ្ពស់របស់ប្រទេស ខណៈពេលដែលការកែតម្រូវវដ្តបង្កើតលក្ខខណ្ឌ​អំណោយ​ផល​សម្រាប់ការ ស៊ូទ្រាំនិងវិបត្ដិខាងក្រៅ នឹងបង្កើនទំនុកចិត្តទីផ្សារ៕

(ប្រភព Xinhua: បកប្រែដោយលោក មាស សំអុល)