សភាកម្ពុជាត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន នៅប្រទេសថៃ នាចុងខែសីហានេះ

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) នឹងរៀបចំមហាសន្និបាតប្រចំាឆ្នាំលើកទី៤០ នៅក្នុង ប្រទេសថៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ជាសមាជិកអាយប៉ា គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នឹងចូលរួមមហាសន្និបាតនេះដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានក្រុមសភាជាតិអាយប៉ា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយសមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជំនួយការ ដែលត្រូវចូលរួមមហាសន្និបាតអាយប៉ានេះ ដើម្បីពិនិត្យសិក្សាខ្លឹមសារឯកសារមួយចំនួន ដែលនឹងត្រូវលើកឡើង នៅក្នុងមហាសន្និបាតនោះ នៅវិមានរដ្ឋសភា។

សូមជម្រាបថា កំឡុងពេលមហាសន្និបាតអាយប៉ានេះ នឹងមានកិច្ចប្រជុំជាច្រើនតាមវិស័យនៃគណៈកម្មាធិការរបស់អាយប៉ា មានដូចជា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសង្គម កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី ជាដើម។ គណៈប្រតិភូសភាកម្ពុជា នឹងចូលរួមកិច្ចប្រជុំទំាងអស់នោះ។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ដែលមានសមាជិកចំនួន១០ប្រទេសរួមមាន ប្រទេសកម្ពុជា ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ អាយប៉ា តែងតែរៀបចំមហាសន្និបាតប្រចំាឆ្នាំ ដោយផ្លាស់វេនប្រទេសជាសមាជិកធ្វើជាម្ចាស់ផ្ទះ តាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។

ឯកឧត្តមបណ្ឌិតរដ្ឋ បានស្នើសុំ សមាជិកគណៈប្រតិភូបន្ត សិក្សាស្រាវជ្រាវលើប្រធានបទ និងសេចក្តីព្រាងសេចក្តីសម្រេច ដែលមហាសន្និបាតលើកឡើង តាមគណៈកម្មាធិការ អោយបានល្អិតល្អន់ រហូត ដល់ថ្ងៃចូលរួមមហាសន្និបាត៕