រដ្ឋបាលរាជធានីភ្នំពេញប្រកាសរឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរឹងនៅជុំវិញមណ្ឌលប្រឡង

វិទ្យុជាតិកម្ពជា៖ ដោយ ហុក សុខរិន ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៩៖

រដ្ឋបាលរាជធានីភ្នំពេញប្រកាសរឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់នៅជុំវិញមណ្ឌល ប្រឡងសញ្ញាបត្រមធ្យ​មសិក្សា​ទុតិយភូមិ​ឬបាក់ឌុបអោយបានតឹងរឹងដើម្បីធានាសុវត្ថិភាព និង គុណភាពនៃការប្រឡង។
អភិបាលរងរាជធានីភ្នំពេញបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមផែនការ រួចជាស្រេចហើយក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅជុំវិញមណ្ឌលប្រលងបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ ដើម្បីការពារកុំអោយកើតមានបាតុភាពមិនប្រក្រតីណា មួយកើតឡើងដែលនាំឲ្យរំខានដល់ការប្រឡង។
ថ្លែងក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែសីហានេះ លោក នួន ផារ័ត្ន អភិ បាលរាជធានីភ្នំពេញបានឲ្យដឹងថា សាលារាជធានីភ្នំពេញបានដាក់ចេញផែនការ៤ចំនុច ដើម្បីធានាការពារសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅជុំវិញបរិវេណមណ្ឌលប្រឡង គឺការពង្រាងកម្លាំងការពារប្រចាំការនៅជុំវិញបរិវេណមណ្ឌលប្រឡង និងការសម្រួលសណ្តាប់ ធ្នាប់ចរាចរណ៍ បុគ្គលិកសុខាភិបាល ឡានសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិសភ័យជា ដើម។ លោកអភិបាលរងបានបញ្ជាក់ថា ការត្រៀមផែនការនេះគឺដើម្បីធានាឲ្យបរិយាកាសនៃ ការប្រឡងបានប្រព្រឹត្តទៅដោយរលូនគ្មានការរំខាន ពិសេសគឺធានាបានគុណភាពប្រឡង ដែលស្វែងរកអ្នកដែលចេះពិតប្រាកដ។
ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាបានអៈអាងថា ការត្រៀម ផែនការការពារពីគ្រប់ភាគីពាក់ព័ន្ធនេះ នឹងជួយធ្វើឲ្យដំណើរការប្រឡងបានប្រព្រឹត្តទៅដោយ ល្អប្រសើរតាមគារគ្រោងទុក ពិសេសទប់ស្កាត់ទាន់ពេលវេលាចំពោះបាតុភាពមិនប្រក្រតីណា មួយដែលរំខានដល់ដំណើរការប្រឡង។
ឯកឧត្តមបានរំលឹកដល់បេក្ខជនប្រឡងទំាងអស់មិនត្រូវយកសំណេរឯកសារឬទូរសព្ទស្មាតហ្វូនចូលក្នុងមណ្ឌលប្រឡងឡើយ បើអនុរក្សរកឃើញនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្ត។ហើយការ ប្រឡងនេះនៅតែអនុវត្តវិធានយ៉ាងតឹងរឹងជាទីបំផុត គឺអ្នកចេះគឺជាប់ អ្នកមិនចេះគឺធ្លាក់ ដើម្បី ធានាតម្លាភាព និងគុណភាពធនធាមនុស្សនៅកម្ពុជា។
យោងតាមប្រកាសដែលក្រសួងអប់រំ បានផ្សព្វផ្សាយតាមរយៈហ្វេសប៊ុកកាលពីថ្មីៗនេះបានឱ្យដឹងថា បេក្ខជនដែលបានប្រព្រឹត្តនូវអ្វីដែលចាត់ទុកថា មានបំណងលួចចម្លង នឹងមិនអនុញ្ញាតឱ្យចូលប្រឡងនោះទេ ហើយត្រូវបានកំណត់ឱ្យធ្លាក់ លើកលែងតែបេក្ខជនប្រគល់រាល់សៀវភៅឯកសារឬសំណៅឯកសារឱ្យគណៈមេប្រយោគមុនចូលមណ្ឌលប្រឡងឬបន្ទប់ប្រឡង។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ ២០១៩ នេះនឹងមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ ២០ ខែសីហា។ បេក្ខជនដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៩ ២១៧ នាក់ ស្រី ៦១ ០៣១ នាក់ កើនឡើង ៥ ៨៥២ នាក់ បើធៀបនឹងការប្រឡងឆ្នាំមុន។ មណ្ឌលប្រឡងមានចំនួន ២០២ កើនឡើង ៦ មណ្ឌលបើធៀបនឹងឆ្នាំមុន។ ដោយឡែកសម្រាប់ក្រខណ្ឌរាជធានីភ្នំពេញវិញមានមណ្ឌលប្រឡង ចំនួន២៧មណ្ឌល មានបេក្ខជនចំនួន២៣០៨៨នាក់ ស្មើនឹង១ភាគ៥នៃបេក្ខជនប្រឡងនៅទូទំាងប្រទេស៕