គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយដាក់ឲ្យប្រើប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ដើម្បីអន្តរាគមន៍សង្គ្រោះពលរដ្ឋជួបគ្រោះមហន្តរាយ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាពអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយនៅតាម មូល​ដ្ឋាន​ឲ្យ​បានទាន់ពេលវេលា។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានប្រកាសដល់ប្រជាពលរដ្ឋនៅពេល ជួបគ្រោះមហន្តរាយធម្មជាតិនានា​អាចទូរសព្ទមកកាន់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈលេខទូរសព្ទដប់ពីរកៅបួន(១២៩៤)ដើម្បីអោយមន្រ្តីជំនាញចុះដោះស្រាយ និងឆ្លើយតបអោយបានទាន់ពេលវេលាជូនជនរងគ្រោះ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយលេខទូរសព្ទ(១២៩៤)នៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានមានប្រសាសន៍ថា ប្រជាពលរដ្ឋអាចទូរសព្ទមកកាន់លេខ (១២៩៤)ដែលជាប្រព័ន្ធផ្ដល់ព័ត៌មាន២៤ម៉ោងលើ២៤ម៉ោងនេះ ដោយមិនគិតថ្លៃហើយមន្ត្រីថ្នាក់ក្រោមជាតិដែលនៅកៀកនឹងមូលដ្ឋានកើតហេតអាចចាត់វិធានការត្រៀមបង្កាឬឆ្លើយតបឲ្យបានទាន់ពេលវលា ដោយប្រើកម្លាំងសរុបមធ្យោបាយសរុបនៅតាមមូលដ្ឋាន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានលើកទឹកចិត្តដល់មន្រ្ដីថ្នាក់ក្រោមជាតិ ឲ្យបង្កើនការយកចិត្តទុកដាក់លើការងារប្រមូលព័ត៌មាននិងចុះពិនិត្យមើលជាក់ស្តែង នៅតាមបណ្តាគោលដៅដែលងាយរងគ្រោះ និងចាត់វិធានការត្រៀមបង្កាជាមុន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវលា ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សជាអាទិ៍ភាព ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានអៈអាងថា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តនឹងបន្ត ការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិ ដើម្បីឲ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបគ្រប់សភាពការណ៍ដែលកើតឡើង។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត មានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ស្តីគ្រោះមហន្តរាយនេះ គឺវាបានផ្ដល់ភាពងាយស្រួលដល់មន្រ្ដីថ្នាក់ជាតិ ដើម្បីរៀបចំវិធានការការពារ និងបង្ការទៅនឹងគ្រោះមហន្ដរាយជូនប្រជាពលរដ្ឋ ដែលងាយប្រឈមបញ្ជូនទៅទីទួលសុវត្ថិភាពការឧបត្ថមថវិការ និងក្រុមការងារបានចុះជួយដល់មូលដ្ឋានភ្លាមៗក្នុងការផ្តល់ជំរកសុវត្ថិភាព និងឧបត្ថមស្បៀងអាហារទាន់ពេលវេលាផងដែរ៕