ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានទឹកចិត្តឲ្យផ្សព្វផ្សាយពីគ្រោះថ្នាក់បង្ករឡើងដោយគ្រឿងញៀនឲ្យកាន់តែទូលំទូលាយ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត 

      ភ្នំពេញ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាលើកទឹកចិត្ត​ឲ្យអ្នកពាក់ព័ន្ធជួយ​ផ្សព្វផ្សាយ​ពីគ្រោះថ្នាក់បង្ករឡើងដោយគ្រឿងញៀនឲ្យកាន់តែទូលំទូលាយដើម្បីចូលរួមកាក់បន្ថយការប្រើប្រាស់គ្រឿងញៀនឲ្យមកនៅកម្រិតទាប។

ក្នុងកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាព្រឹកថ្ងៃទី៧ ខែសីហានេះនៅ ទីស្តីការក្រសួងមហា​ផ្ទៃឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀនបាន ជំរុញឲ្យបន្តអប់រំផ្សព្វផ្សាយ ដល់ក្រុមគោលដៅដែលប្រឈមខ្ពស់ ដូចជា   ក្រុមពលករចល័ត ពលករចំណាកស្រុក  កម្មករសំណង់  កម្មកររោងចក្រ   អ្នកបើកបររថយន្តដឹកជញ្ជូន អ្នកបម្រើសេវាកម្សាន្តសប្បាយ សិស្សគេចសាលា សិស្សបោះបង់ការសិក្សានៅតែជាក្រុមគោលដៅដែលទទួលបានសារអប់រំផ្សព្វផ្សាយតិចជាងគេ ។

ជាមួយគ្នានោះ ឯកឧត្តមបានស្នើឲ្យ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យ សាសនា វិស័យឯកជន សប្បុរសជន អង្គការ សមាគមជាដៃគូនានា   ត្រូវរៀបចំឱ្យមានជាយន្តការ និងផែនការសកម្មភាពច្បាស់លាស់  ព្រមទាំងមានកញ្ចប់ថវិកាផ្ទាល់ខ្លួន  ដើម្បីម្ចាស់ការទទួលខុសត្រូវ  និងធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនក្នុងការអប់រំ និងលុបបំបាត់គ្រឿងញៀន និងបន្ត ការងារព្យាបាល ស្ដារនីតិសម្បទារ និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន  ព្រមទាំងអនុវត្តន៍ច្បាប់ដើម្បីបង្រ្កាបគ្រឿងញៀននៅទូទាំងប្រទេសឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តម មាសវិរិទ្ធិ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្តេជ្ញាបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈពីផលប៉ះពាល់នៃគ្រឿងញៀននេះ។ ជាក់ស្តែង ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ មន្ត្រីជំនាញបានអនុវត្តវិធានការអប់រំផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ក៏បានធ្វើសកម្មភាពយ៉ាងផុសផុលនៅតាមផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត ទីតាំងសប្បាយដ្ឋាន ការដ្ឋានសំណង់ ក្រុមហ៊ុនដឹកជញ្ជូន លំនៅដ្ឋានកម្មករក្រៅប្រព័ន្ធ ដោយគ្របដណ្តប់ ទៅលើអ្នកមកទទួលសារអប់រំប្រមាណជាង៣លាននាក់ និងបាន ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនបានប្រមាណជិត២ម៉ឺននាក់ ។

មន្ត្រីជំនាញបានបញ្ចាក់ថា គ្រឿងញៀនបានបង្ករដល់ការអភិវឌ្ឍសង្គមជាតិ ជំរុញឲ្យមានបទល្មើសផ្សេងៗកើត ធ្វើឲ្យយុវជនខួចអនាគត  ហើយការលុបបំបាត់គ្រឿងញៀននៅតាមមូលដ្ឋានគឺជាការចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព។

     សូមបញ្ជាក់ថាក្នុងឆមាសទី១ឆ្នាំ២០១៩នេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួនជិត ៩០០ នាក់ រឹបអូសគ្រឿងញៀន និងសារធាតុផ្សំបានជាង៧០០ គីឡូក្រាម៕