កូរ៉េខាងត្បូង ចិន ជប៉ុន ពិភាក្សាគ្នាជុំវិញកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស​ដែលអាចកើតមាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ — មន្រ្តីទីក្រុងសេអ៊ូលមួយរូបបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង ចិន និង​ជប៉ុនកំពុង​ពិភាក្សា​​​អំពី​ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ពួកគេនៅខែនេះ មុនកិច្ច​ប្រជុំ​កំពូល​ត្រី​ភាគី ដែលអាចកើតមាននៅក្នុងប្រទេសចិននៅចុងឆ្នាំនេះ។

ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍ថា រដ្ឋមន្រ្តីក្រសួងការបរទេសលោក Kang Kyung-wha និងសមភាគីចិន និងជប៉ុន គឺលោក Wang Yi និងលោក Taro Kono ត្រូវបានគេ​រំពឹងថា នឹងជួបប្រជុំនៅក្នុងប្រទេសចិននាថ្ងៃទី២១ ខែសីហា ខាងមុខនេះ ដើម្បីពិភាក្សាគ្នាអំពី​កិច្ច​ខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

អ្នកផ្សាយក៏បាននិយាយផងដែរថា កិច្ចពិភាក្សាបានដំណើរការ ដើម្បីរៀបចំឱ្យមានកិច្ច​ពិភាក្សាទ្វេភាគី រវាងលោក Kang  និងលោក Kono ហើយនិងរវាងលោក Wang និងលោក Kono ។

មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិក​ដោយ​និយាយសំដៅទៅលើលទ្ធភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគីថា នៅមិនទាន់មានអ្វីត្រូវ​បាន​គេសម្រេច​ចិត្តនៅឡើយទេប៉ុន្តែ(បណ្តាប្រទេសទាំងនេះ)កំពុងពិភាក្សាគ្នាលើបញ្ហានេះ ។

ជាការពិត វាពិតជាមានលទ្ធភាពសម្រាប់កិច្ចពិភាក្សាបែបនេះ ព្រោះរដ្ឋមន្រ្តីបានប្រជុំគ្នាក្នុង​ទម្រង់​បែបនេះ។ មន្ត្រីនៅឯស្ថានទូតចិនប្រចាំនៅទីក្រុងសេអ៊ូលក៏បាននិយាយផងដែរថា ប្រទេសទាំងបី​កំពុងសម្របសម្រួលលើកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសដែលអាចកើតមាននៅក្នុងប្រទេសចិន។

មន្ត្រីនោះបានប្រាប់យ៉ុនហាប់ថា បណ្តាប្រទេសទាំងនេះ កំពុងសម្របសម្រួល និង​ជំរុញ​ឱ្យមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៅក្នុងខែនេះ។

កូរ៉េខាងត្បូងបានអំពាវនាវឱ្យមានដំណោះស្រាយការទូតមួយ ចំពោះការកើនឡើងនូវ​ជម្លោះខាងការទូត និងពាណិជ្ជកម្មជាមួយជប៉ុន ដោយលើកហេតុផលថា ការហាមឃាត់​ការ​នាំ​ចេញថ្មីៗរបស់ទីក្រុងតូក្យូប្រឆាំងនឹងទីក្រុងសេអ៊ូល គឺជាការសងសឹកខាងនយោបាយ ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីឆ្នាំមុន ប្រឆាំងនឹងក្រុមហ៊ុនជប៉ុនជុំវិញ ពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាម។

លោក កាង និងលោក កូណូ បានជួបប្រជុំគ្នាកាលពីពេលថ្មីៗនេះ នៅខាងក្រៅជំនួប​ពហុភាគី​ដែលពាក់ព័ន្ធនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក​កាលពីសប្តាហ៍​មុន៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)