អាស៊ានដើរលើផ្លូវដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ​២០១៩ កិច្ចពិភាក្សាសាធារណៈមួយស្តីពី«ការបញ្ជ្រាបគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ( SDGs ) ទៅក្នុងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥» បានធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍ និងស្ថាប័ន Friedrich Ebert Stiftun (FES) នៃប្រទេសអាល្លឺម៉ង់ ដោយសម្របសម្រួលដោយក្រសួងអភិវឌ្ឍន៍មនុស្ស និងកិច្ចការវប្បធម៌នៃប្រទេសឥណ្ឌូណេស៊ី។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងដើម្បីរំលឹកខួបលើកទី៥២ នៃការបង្កើតសមាគមប្រជាជាតិអាស៊ី  អាគ្នេយ៍ (អាស៊ាន) នឹងផ្តល់ព័ត៌មានថ្មីៗ ស្តីពីសមិទ្ធិផលចុងក្រោយទាក់ទងនិងគោលនយោបាយរបស់សមាជិកអាស៊ានឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិនៅថ្នាក់តំបន់ និងថ្នាក់ជាតិ។

ថ្លែងទៅកាន់ព្រឹត្តិការណ៍នោះ នាយកប្រចាំនៅ FES ឥណ្ឌូណេស៊ី លោក Sergio Grassi បាននិយាយថា អាស៊ានកំពុងដើរនៅលើផ្លូវដ៏ត្រឹមត្រូវដើម្បីសម្រេចបាននូវ SDGs នៅឆ្នាំ ២០៣០ ដោយលោកបាននិយាយបន្ថែមនូវសារៈសំខាន់នៃលទ្ធផលនៅក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព នឹងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន។

លោកបានកត់សម្គាល់ថា សមិទ្ធិផលលេចធ្លោមួយចំនួនរបស់អាស៊ាន រួមមានការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពដែលទទួលបាននៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសំខាន់ៗ ជាពិសេសគុណភាពនៃការអប់រំជាមួយនឹងសមាមាត្រ នៃកុមារបញ្ចប់បឋមសិក្សានៅក្នុងប្រទេសជាសមាជិកអាស៊ានទាំងអស់មានចំនួនជាង ៩៥ភាគរយ។

កិច្ចពិភាក្សានៅក្នុងព្រឹត្តិការណ៍នេះផ្តោតសំខាន់ទៅលើយុទ្ធសាស្ត្រ ដែលបានដាក់ចេញនៅក្នុងប្រទេសជាសមាជិកអាស៊ានឆ្ពោះទៅរកការសម្រេចបាននូវ SDGs និងបញ្ហាប្រឈមរួមជាមួយវិស័យ សំខាន់ៗសម្រាប់ប្រទេសជាសមាជិកក្នុងការសម្រេចគោលដៅនៅក្នុងចំណោមវិស័យផ្សេងៗទៀត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)