ប្រទេសជប៉ុន និងបារាំងដែលជាសហប្រធាន អ.វត.ក សោកស្តាយចំពោះការស្លាប់របស់ នួន ជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ប្រទេសជប៉ុន និងបារាំងដែលជាសហប្រធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់លោក នួន ជា អតីតបងធំទី២ ក្នុងរបបខ្មែរក្រហម មុនពេលបញ្ចប់នីតិវិធីទាំងមូល។
សេចក្តីថ្លែងការណ៍រួមគ្នារបស់ស្ថានទូតជប៉ុន និងស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី៦ ខែសីហានេះ បានលើកឡើងថា ស្ថានទូតជប៉ុន និងបារាំងដែលជាសហប្រធានក្រុមមិត្តភក្តិរបស់ អ.វ.ត.ក បានដឹងអំពីមរណភាពរបស់ នួន ជា អតីតប្រធានសភាប្រជាជនកម្ពុជាប្រជាធិបតេយ្យ ដែលកំពុងត្រូវបានជំនុំជម្រះនៅ អ.វ.ត.ក និងមានការសោកស្តាយដែលបានឃើញជនជាប់ចោទនេះ បានស្លាប់មុនពេលបញ្ចប់នីតិវិធីទាំងមូល។
សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្តថា ជាងពេលណាៗទាំងអស់ វាជាការបន្ទាន់ដែលគ្រប់ភាគីពាក់ព័ន្ធនៃអ.វ.ត.ក បំពេញទំនួលខុសត្រូវរបស់ខ្លួន ដើម្បីឲ្យការជំនុំជម្រះក្តីរបស់ជនជាប់ចោទដែលនៅសេសសល់ដំណើរការដោយយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស និងយុត្តិធម៌ហួសកម្រិត ត្រូវបានសម្រេចនៅក្នុងប្រទេសកម្ពុជា។
លោក នួន ជា ក្នុងចំណោមអតីតមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅម្យ៉ាងទៀតថា «សាលាក្ដីខ្មែរក្រហម» កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ២០១៤ ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ជាលើកទី២ នៅឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ជនជាតិវៀតណាម និងខ្មែរឥស្លាម។
លោក នួន ជា នៅក្នុងអាយុ៩៣ឆ្នាំ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីអតីតមេដឹកនាំសម័យខ្មែរក្រហមសំខាន់ បានស្លាប់ជាបន្តបន្ទាប់ ក្នុងអំឡុងពេលសាលាក្ដីខ្មែរក្រហម ធ្វើការជំនុំជំរះ និងកោតទោស ក្នុងនោះមាន លោក អៀង សារី ដែលជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានស្លាប់នៅឆ្នាំ២០១៤ និងមួយឆ្នាំក្រោយមក ភរិយារបស់លោកអៀង សារី គឺអ្នកស្រី អៀង ធារិទ្ធ ជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់នៅឆ្នាំ២០១៥។
បច្ចុប្បន្ន អតីតមេដឹកនាំសម័យខ្មែរក្រហមដែលនៅមានជីវិតរស់ និងអាយុកាន់តែច្រើនហើយនោះ មានដូចជា លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម និងលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង ដែលកំពុងជាប់ពន្ធនាគារនៅខេត្តកណ្តាល៕