មន្ត្រីកសិកម្មបំផុសកសិករឲ្យធ្វើ ស្រូវរយៈពេលខ្លីដើម្បីទប់ទល់ជាមួយអាកាសធាតុប្រែប្រួល

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ៖

ខេត្តស្ទឹងត្រែង ៖​មន្ត្រីជំនាញផ្នែកកសិកម្មខេត្តស្ទឹងត្រែង បានចលនា កសិករ ឱ្យនាំគ្នា ជ្រើសរើសយក ពូជ ស្រូវរយៈពេលខ្លី ដើម្បី ទទួលបានផលនៅចុងរដូវ សម្រាប់បង្កើនសេដ្ឋកិច្ចស្បៀងប្រចាំគ្រួសារ ព្រោះឆ្នាំនេះរបបទឹកភ្លៀងមានភាពយឺតយ៉ាវជាងឆ្នាំកន្លងមក។
លោកសុង រ៉ាម៉ន មន្ត្រីភ្នាក់ងារកសិកម្មប្រចាំឃុំនេះបានបញ្ជាក់ថា៖ភាពយឺតយ៉ាវនៃការងារបង្កបង្កើនផល អាចកើតមានបញ្ហាប្រឈមផ្សេងៗទៀត ដូចជា បង្កឱ្យស្រូវមានភាពលូតលាស់យឺត ស្រែខ្វះទឹក ស្មៅដុះច្រើន-និងបណ្តាលអោយស្រូវស្កក នៅពេលប្រមូលផលជាដើម។ លោកបន្ថែមថា៖ដើម្បីឱ្យមានស្បៀងប្រចាំគ្រួសារ បងប្អូនកសិករ មិនត្រូវទុកផ្ទៃដីទំនេរទេ ត្រូវផ្លាសប្តូរពីធ្វើស្រូវទៅដាំដំណាំក៍បាន ឬប្រើពូជស្រូវកណ្តាល ដែលមានរយៈពេលខ្លី។
លោកសំ សុខុម ជំទប់ទី១ ឃុំអូរម្រះ ស្រុកសៀមបូក បានបញ្ជាក់ថា៖កសិករភាគច្រើនពួកគាត់បាននាំគ្នាប្រើពូជស្រូវរំដួលជាប្រចាំ គ្រាន់តែឆ្នាំនេះ អាកាសធាតុមានការប្រែប្រួលបានបង្អាក់ការងារបង្កបង្កើនផលយូរពេក អាចបង្កឱ្យដំណាំស្រូវរបស់កសិករយើង ជួបគ្រោះរាំងស្ងួតបន្ថែម ពិបាកជួយសង្គ្រោះ ។
លោកស្រី សាងវេន កសិករ នៅឃុំអូម្រះ ស្រុកសៀមបូកបានទទួលស្គាល់ថា៖ឆ្នាំនេះកសិករយឺតពេលក្នុងការធ្វើការងារបង្កបង្កើនផលមែន ព្រោះកាលពីឆ្នាំ២០១៨ មកដល់ខែសីហា កសិករបានដកស្ទូងរួចរាល់ទៅហើយ តែឆ្នាំនេះទឹកភ្លៀងអូសបន្លាយមកដល់ខែសីហា ទើបមានទឹកគ្រប់គ្រាន់ធ្វើការដកស្ទូងបាន។ លោកស្រីបន្តថា៖ឆ្នាំនេះកសិករយើងច្រើនប្រើពូជស្រូវកណ្តាល ដូចជាស្រូវផ្ការំដួល-ផ្កាម្លិះ.ផ្កាខ្ញី-នាងស-ស្រូវបីគួ ឬស្រូវអ៊ីអ៊ា ៣៦ជាដើម។
សូមបញ្ជាក់ថា៖ការងារបង្កបង្កើនផលនៅខេត្តស្ទឹងត្រែងគិតមកដល់ខែសីហានេះកសិករ សម្រេចបាន(១៩.០១៤ហិកតា)ក្នុងនោះស្រូវស្ទូងបាន(១៦.៥៦៥ហិកតា)និងស្រូវចំការ(២.៤៥២ហិចតា)ស្មើនិង៦៨,៣៩%នៃផែនការឆ្នាំ(២៧.៨០០ហិចតា)៕