រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីក្រុងពលីបួងសួងសុំសេចក្ដីសុខ ជូនប្រជាពលរដ្ឋបំលាស់ទី

AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ -ពិធីក្រុងពលីបួងសួងសុំសេចក្ដីសុខដើម្បីផ្ដល់ទីជម្រកថ្មីជូនប្រជាពលរដ្ឋបំលាស់ទី ស្ថិតភូមិសាលាថ្មី ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃអង្គារ ៦កើត ខែស្រាពណ៍  ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត​ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយសម្រាប់ប្រជាពលរដ្ឋដែលបំលាស់ទីពីលំនៅឋានបណ្ដែតទឹក មករស់នៅលើដីគោក ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងសម័យសម្តេចតេជោ ហ៊ុន សែន ក្រោមការមូលមតិគ្នារបស់គណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងស្រុក ប្រារព្ធធ្វើឡើង តាមបែបព្រហ្មញ្ញសាសនា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង៨ ពិធីថ្វាយ គ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពិធីប្រគំភ្លេងថ្វាយទសបារមី តាមបែប បុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំ សេចក្ដីសុខ សម្រាប់ការតាំងទីលំនៅថ្មី ជាពិសេសបូជាស្ដេចក្រុងពលីដើម្បីជាលំអានសម្រាប់ មនុស្សជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឱ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

ឯកឧត្តមបានបន្តទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែរៀបចំកែលម្អសោភណភាពសួនច្បារ ក្នុងភូមិ មូលដ្ឋានរបស់ប្រជាពលរដ្ឋ ដោយមានលម្អដោយផ្កា ភ្លើងបំ ភ្លឺអមតាម ដងផ្លូវ និងសាងសង់សួននៅសាលារៀនដែលទើបនឹងបង្កើតថ្មី ដើម្បីងាយស្រួលដល់បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស មានសាលារៀនជាថ្នាលបណ្ដុះបណ្ដាល និងសម្រួលដល់ការធ្វើ ដំណើរបានជិតផងដែរ ។

ឯកឧត្តមបញ្ជាក់ទៀតថា នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ ដឹកនាំខេត្តកំពង់ឆ្នាំង ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង ប្រជាពលរដ្ឋក្នុងស្រុក ខេត្តទាំងអស់ សូមមានសុខភាពល្អដើម្បីបន្តអភិវឌ្ឍន៍ភូមិ ឃុំ ស្រុក ខេត្ត ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕

​ដោយ បៃ ស៊ីថុន