រាជរដ្ឋាភិបាលពង្រីកការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការជាស្រី្តមកពីគ្រប់ក្រសួងស្ថាប័ន

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ៖

រាជរដ្ឋាភិបាលពង្រីកការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការជាស្រី្តមកពីគ្រប់ក្រសួងស្ថាប័ន ដើម្បីធានាឲ្យស្រ្តីកាន់តែមានឥទ្ធិពលនិងភាពអង់អាចក្នុងការធ្វើសេចក្តីសម្រេចចិត្តចូលរួមអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចំរើន ។
ក្រសួងមុខងារសាធារណៈបានបើកវគ្គបណ្តុះបណ្តាលស្តីពីថ្នាក់ដឹកនាំនិងគណៈគ្រប់គ្រងជាស្ត្រីឆ្នាំ២០១៩ ដល់មន្រ្តីរាជការជាស្រ្តីជាច្រើនរូបមកពីគ្រប់ក្រសួងសា្ថប័ន ដើម្បីពង្រឹងការលើកស្ទួយសមត្ថភាពនិងតំលៃស្រ្តីនៅគ្រប់វិស័យគ្រប់កំរិតឲ្យមានសមត្ថភាពក្នុងការបំពេញការងារតាមតួនាទីរបស់ខ្លួន ។
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់ឆ្លើយតបទៅនឹងតម្រូវការរបស់មន្រ្តីរាជការជាស្រ្តី តាមរយៈជួយលើកកម្ពស់សមត្ថភាពស្ត្រីនៅក្នុងសង្គម ថែមទាំងបានជួយស្ត្រីឲ្យកាន់តែមានឥទ្ឋិពលក្នុងការជួយកសាងសង្គម បង្កើនលទ្ធភាពដល់ស្ត្រីក្នុងការទទួលបានជំនាញការងារធនធានផលិតកម្ម កិច្ចគាំពារក្នុងសង្គមផងដែរ ។
ឯកឧត្ដមបានបន្តថា នៅពេលដែលស្ត្រីត្រូវបានទទួលការអភិវឌ្ឍសមត្ថភាពកាន់តែខ្លំាងស្រ្តីឈានទៅកាន់តួនាទីធំៗក្នុងការធ្វើសេចក្ដីសម្រេច ក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងធានាផ្ដល់នូវសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រីដែលចូលរួមពេញលេញក្នុងសកម្មភាពសង្គម និងសុខុមាលភាពក្នុងគ្រួសារ និងសហគមន៍ផងដែរ ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្ត្រី មានការចូលរួមពី ថ្នាក់ដឹកនាំមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល ស្រ្តីនិងថ្នាក់ដឹកនាំមកពីក្រសួងសា្ថប័ននានាសរុបចំនួន១៣៥ នាក់ ដោយទទួលបាននូវបទពិសោធន៍ល្អ ចំណេះដឹងពីសាស្ត្រាចារ្យឧទ្ទេសនាម តាមមុខវិជ្ជានីមួយៗ ថែមទាំងយកទៅអនុវត្តការងារនៅតាមក្រសួង-ស្ថាប័នរៀងៗខ្លួន អោយមានគុណភាព និងគុណផលខ្ពស់នៅពេលបច្ចុប្បន្ន និងពេលអនាគតផងដែរ ៕