សម្បទានិកនៅក្នុងឃុំអូដារ ស្រុកចិត្របុរី ខេត្តក្រចេះ ចង់បានអនុវិទ្យាល័យនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកូនចៅបានបន្តការសិក្សា

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា ០៦.០៨.២០១៩៖

 សម្បទានិកនៅក្នុងឃុំអូដារ ស្រុកចិត្របុរី ខេត្តក្រចេះ ចង់បានអនុវិទ្យាល័យនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្នុងការបន្តការសិក្សារៀនសូត្រនៅជិតផ្ទះ កាត់បន្ថយពេលវេលាធ្វើដំណើរ និងកាត់បន្ថយការចំណាយផ្សេងៗជាដើម។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា អ្នកស្រី ឃុន ម៉ាលីស ជាសម្បទានិកដែលទទួលបាន ដីពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (ឡាសិត២) ស្ថិតនៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានឱ្យដឹងថា បច្ចុប្បន្នសិស្សានុសិស្សមួយចំនួននៅតំបន់ដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំដារ បានជួបការលំបាកនៅពេលទៅបន្តការសិក្សានៅថ្នាក់អនុវិទ្យាល័យដែលមានចំងាយជាង១០គីឡូម៉ែត្រពីផ្ទះ។ អ្នកស្រីបន្តថា ប្រសិនបើគម្រោងបង្កើតឲ្យមានអនុវិទ្យាល័យនៅក្នុងតំបន់សម្បទានសង្គមកិច្ចនេះ ពិតជានឹងជួយកាត់បន្ថយចំនួនបោះបង់ការសិក្សារបស់សិស្សានុសិស្ស ហើយឪពុកម្តាយលែងបារម្ភពីសុវត្ថិភាពកូនៗរបស់ខ្លួនដែលទៅរៀនឆ្ងាយពីផ្ទះទៀតហើយ។
«ចង់បានអនុវិទ្យាល័យនៅទីនេះ ព្រោះអីពិបាកណាស់ ក្មេងៗដូចនៅទីនេះគ្នារៀនបានត្រឹមថ្នាក់ទី៦ ដល់ពេលទៅក្រៅខ្លះ គ្នាខ្វះខាតអត់មានម៉ូតូធ្វើដំណើរ ដល់ពេលអញ្ចឹង ការសិក្សាគាត់ត្រូវបោះបង់ដោយសារតែខ្វះខាត ប៉ុន្តែបើមានអនុវិទ្យាល័យ បងប្អូននៅទីនេះ ក្មេងៗនឹងមានចំណេះដឹងកាន់តែច្រើន គាត់មានឱកាសរៀនច្រើន ។
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២នឹងពិនិត្យមើលលើបញ្ហានេះ ដើម្បីធានាឲ្យសិស្សានុសិស្សបាន ទៅរៀនគ្រប់ៗគ្នារហូតដល់ចប់ចុងចប់ដើមដែលអាចធានាបាននូវធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍជាតិតទៅមុខទៀត។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំជំរុញឱ្យវិស័យអប់រំនៅកៀកជិតប្រជាពលរដ្ឋ ចាប់ពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយាល ជាពិសេសបង្កើតឱ្យមានឃុំមួយត្រូវតែមានអនុវិទ្យាល័យមួយ។
សំឡេង«ជាគោលការណ៍មានមនុស្សមានសិស្ស គឺគេធ្វើហើយ សម្តេចតេជោថាមួយឃុំឱ្យមានអនុវិទ្យាល័យមួយ មួយស្រុកឱ្យមានវិទ្យាល័យមួយ ឥឡូវខ្ញុំធ្វើនៅឃុំខ្លះ ខ្ញុំធ្វើអនុវិទ្យាល័យពីរ ឬបីឯណោះ ស្រុកខ្លះមានវិទ្យាល័យ២ ស្រុកខ្លះមានវិទ្យាល័យ៣ វាមិនលើសរឿងអ្វីយើងធ្វើមិនបាន ប៉ុន្តែចំនួននេះមិនទាន់អាចអនុវតុ្តបានទេ ដើម្បីកើតអនុវិទ្យាល័យបានត្រូវមានស្តង់ដាយ៉ាងម៉េច ស្តង់ដាអប់រំ ដូចឯកឧត្តមបណ្តិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កំណត់ហើយមិនចាំបាច់ទាល់តែហៀហូរទេ តែល្មមកម្រិតណាដែលអាចបើកបាន ឥឡូវបងប្អូននៅតូចៗទៅរៀននៅទីនេះសិន ទម្រាំភូមិនេះរីក បងប្អូនតាមដងផ្លូវរស់នៅទាំងអស់គ្នា យើងអាចរៀបចំបាន។
សូមបញ្ជាក់ថា សម្បទានិកដែលរស់នៅតំបន់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋ កិច្ចជំហាន២ ស្ថិតនៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ មានចំនួន ៤០២គ្រួសារ ស្មើនឹង១៨៤១នាក់ ក្នុងនោះស្រ្តីមានចំនួន៨៩២នាក់។ កុមារជាកូនៗរបស់សម្បទានិកដែលកំពុងសិក្ដានៅសាលាបឋមសិក្សាអូរគគីរដែលជាសាលាសាងសង់ដោយគម្រោងឡាសិត២ មានមនុស្សចំនួន១៣០នាក់ ហើយក្រៅពីនេះក៏មានសិក្សានុសិស្សដែលជាកូនរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចាស់ជុំវិញតំបន់ដីសម្បទានសង្គមកិច្ចនេះក៏នឹងត្រូវបញ្ចប់ថ្នាក់បឋមសិក្សា និងបន្តការសិក្សាទៅថ្នាក់អនុវិទ្យាល័យដែលមានចម្ងាយជាង១០គីឡូម៉ែត្រដូចគ្នា។