រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

AKP ឧត្តរមានជ័យ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩  — ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈ បញ្ជាកាឯកភាពខេត្តដើម្បីត្រួតពិនិត្យបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងដាក់ ទិសដៅអនុវត្តន៍បន្ត នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ មេបញ្ជាការរងយោធភូមិភាគទី៤ លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់ខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ខេត្តឧត្តរមានជ័យជាខេត្តមួយមាន ការអភិវឌ្ឍក្រោយគេ តែក៏មានការរីកចម្រើនលើគ្រប់វិស័យ ហើយនៅឆ្នាំនេះមានភាពរាំងស្ងួត មានការអូសបន្លាយ ធ្វើឱ្យប្រជាកសិករជួបការលំបាកក្នុងការធ្វើកសិកម្ម តែទោះបីមានផល ប៉ះពាល់ក៏យើងបានជួយសង្គ្រោះបានទាន់ពេលវេលាដែរ។

ឯកឧត្តមក៏បានជំ រុញឱ្យគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវខិតខំធ្វើការងារបន្ថែមទៀត ដើម្បីឱ្យខេត្តយើងកាន់តែរីកចម្រើនឡើង ហើយឯកឧត្តមក៏សូមអំពាវនាវដល់មន្ត្រីមួយចំនួន ដែលមានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ឬបទល្មើសដទៃផ្សេងទៀតត្រូវតែ ដកខ្លួនចេញ ជាប្រញាប់ ហើយសូមឱ្យមន្ត្រីថ្នាក់មូលដ្ឋានចុះផ្សព្វផ្សាយដល់បងប្អូនយើងដែលមានការជាប់ ពាក់ព័ន្ធបទល្មើសបំផ្លាញគ្រប់ធនធានធម្មជាតិត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់អង្គភាព ដែលមានការពាក់ព័ន្ធត្រូវសហការគ្នាធ្វើការចុះបង្ក្រាបឱ្យបាន និងឱ្យទាន់ពេលវេលាបំផុត ចៀសវាងនាំឱ្យមានការខូចខាតធនធានធម្មជាតិកាន់តែច្រើនទៅៗ៕

ដោយ ទិត ស្រ៊